ព័ត៌មានជាតិ

លោកបណ្ឌិត សម តារា ណែនាំដល់ស្ត្រី ត្រូវប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង និងសង្គមជាតិ

" "

ស្វាយរៀង ៖ លោកបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀង បានថ្លែងស្នើដល់ស្ត្រី ត្រូវសិក្សារៀនសូត្រ បន្ថែមអំពីបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់បរិវត្តកម្មឌីជីថល ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង និងសង្គមជាតិ។

ការថ្លែងស្នើបែបនេះ របស់លោកបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅក្នុងឱកាសដែលលោកបណ្ឌិត បានអញ្ជើញចូលរួម នៅក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនាឆ្នាំ ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល នាព្រឹកថ្ងៃទី ១១ ខែមីនាឆ្នាំ២០២៤ ។

" "

ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ,លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងលោកស្រីភរិយា លោកបណ្ឌិតសម តារា ព្រមទាំងលោកស្រីជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ ជាច្រើនរូបទៀតផងដែរ។

" "

លោកបណ្ឌិត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធាន គណបក្សប្រជាជនកម្ពុជា, សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់លោកស្រី ដែលជាអភិបាលរង និងសមាជិកក្រុមប្រឹក្សាស្រុក ,សមាជិកក្រុមប្រឹក្សាឃុំ នៅទូទាំងស្រុកកំពង់រោទិ៍ផងដែរ ។

ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងារ របស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំ កំពូល។ ជាក់ស្តែង យើងមានសមាសភាព ជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។

លោកបណ្ឌិត ក៏បានណែនាំដល់ស្ត្រី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មាន សុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញក្នុង កិច្ចអភិវឌ្ឍន៍សង្គមជាតិបានដោយរលូនផងដែរ។

លោកបណ្ឌិត ក៏បានសំណូមពរ ដល់អ្នកប្រើប្រាស់ប្រព័ន្ធអុិនធឺណែត ត្រូវផ្តោត​ការ​យកចិត្តទុក្ខខ្ពស់ ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះ ត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួល ដល់ការបម្រើការងារប្រចាំថ្ងៃ ប៉ុន្តែបច្ចេកវិទ្យាក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ ដោយខ្វះការពិចារណានិងមិនចំគោលដៅ។

នៅក្នុងឱកាសនៅលោកបណ្ឌិត សម តារា និងលោកស្រី ក៏បានឧបត្ថម្ភដល់ស្ត្រី ដែលបានចូលរួមក្នុងម្នាក់ៗទទួលបានសារុង១និងថវិកា ៥ ម៉ឺនរៀល ព្រមទាំងផ្ដល់អាហារ សម្រន់និងភេសជ្ជៈផងដែរ ៕

To Top