កំពង់ចាម ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នេះ បានអំពាវនាវទៅដល់ លោកអភិបាល ស្រុក មេឃុំ មេប៉ុស្តិ៍ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងស្រុកចំការលើ ឲ្យរួមគ្នាលុបបំបាត់ល្បែង ស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដើម្បីកសាងសង្គម ឲ្យមានសណ្នាប់ធ្នាប់ និងមានសុភមង្គមក្នុងគ្រួសារ ។

លោក ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តវង្សគត់បូរីសេរីភ្នំពេញ (ហៅវត្តសេរីភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ហ៊ុន ម៉ានិត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនិងវិធានការ ប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា គឺគ្នានការលេងល្បែងស៊ីសង ខុសច្បាប់ក្នុងមូលដ្ឋាន និងគ្នានការប្រើប្រាស់គ្រឿងញៀន ក្នុងសហគមន៍ជាដាច់ខាត់។

លោកឧត្តមសេនីយ៍ឯក បានបន្តថា អាជ្ញាធរ ក្នុងមូលដ្ឋាន ដែលមានលោកមេឃុំ មេប៉ុស្តិ៍ ត្រូវសហការគ្នា ចុះទៅបង្រ្កាបរាល់ការ បើកលួចលាក់លេង ល្បែងស៊ីសង ដូចជា ជល់មាន់ ឡូតូ និងចាក់ឆ្នោតវៀតណាម ត្រូវធ្វើការជាប្រចាំថ្ងៃ ប្រចាំខែ កុំឲ្យកើតមានល្បែងស៊ីសងបន្តមានទៅទៀត។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានិត ក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើជាភ្ងាក់ងារសម្ងាត់ ចាំរាយការណ៍មកកាន់ លោកមេភូមិ មេឃុំ និងប៉ូលីសប៉ុស្តិ៍ ដើម្បីចុះទៅបង្រ្កាបឲ្យ បានទាន់ពេលវេលាផងដែរ។

លោក ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលដឹងខ្លួនឯងលេងល្បែង សុំឲ្យបញ្ឃប់លេងបន្តទៅទៀត ព្រោះថា ការលេងល្បែងស៊ីសងគ្នានផលចំណេញសម្រាប់គ្រួសារនោះទេ ផ្ទុយទៅវិញ វាបានបំផ្លាញសុភមង្គល ក្នុងគ្រួសារដោយសារ តែញៀនល្បែង និងអាចបង្កទៅជាជម្លោះក្នុងគ្រួសារ ព្រោះតែល្បែងស៊ីសងនេះផងដែរ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
