ព័ត៌មានជាតិ

លោក ហេង សួរ អំពាវនាវ​ ឱ្យដៃគូអភិវឌ្ឍ សម្រួចលើការពង្រឹង សមត្ថភាព ជនមានពិការភាព

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវ ឱ្យដៃគូអន្តរជាតិ ផ្តោតលើការពង្រឹង ការបណ្តុះបណ្តាល សមត្ថភាព ដល់ជនមានពិការភាព នៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារ អោយកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន ។ ការអំពាវនាវបែបនេះ គឺធ្វើឡើង ក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យ នៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍ អន្តរជាតិនានា បានចូលរួម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព នឹងក្លាយជាកត្តាមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសដល់ ជនមានពិការភាព ឱ្យទទួលបាន ការអភិវឌ្ឍខ្លួន ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ ដែលមានភាពបត់បែន និងសម្របសម្រួលខ្ពស់ ។

បើតាមលោករដ្ឋមន្ត្រី ការផ្តោតលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាព ជូនជនមានពិការភាព គឺជាការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យ ទទួលយកកម្លាំងពលកម្ម ជនមានពិការភាព ចំនួនមួយភាគរយ សម្រាប់វិស័យឯកជន និងពីរភាគរយសម្រាប់វិស័យរដ្ឋ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យវិស័យឯកជន ដូចជារោងចក្រ សហគ្រាស បន្តខិតខំទទួលយកជនមានពិការភាព ឱ្យចូលបម្រើការងារ និងបង្កលទ្ធភាពងាយស្រួលបន្ថែមទៀត ដល់ជនមានពិការភាព អាចធ្វើការងារដោយរលូន។

ដើម្បីបន្តលើកកម្ពស់ និងជំរុញការចូលរួម របស់ជនមានពិការភាពក្នុងជីវភាពសង្គម និងទទួលបានការបណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេស ក្រោមឱវាទរបស់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់ជម្រាលធ្វើដំណើរ និងថ្នាក់រៀន ដែលអាចផ្តល់ភាពងាយស្រួល ដល់ ជនមានពិការភាព ដើម្បីអាចទទួលបានជំនាញ បច្ចេកទេសវិជ្ជាជីវៈ ក្នុងការត្រៀមខ្លួន សម្រាប់ឱកាសការងារដ៏សម្បូរបែប នាពេលបច្ចុប្បន្ន ។

យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជាប្រមុខ លោក​ ហេង សួរ បានប្តេជ្ញា និងបានដាក់ចេញ ជាសកម្មភាពអាទិភាព ក្នុងការជំរុញឱ្យជនមានពិការភាព អាចទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ ដល់ការចូលរួមក្នុងសង្គមដែលសុទ្ធសឹង តែជាកោសិកាសង្គម ដែលមិនអាចខ្វះបាន៕

To Top