ព័ត៌មានជាតិ

សម្តេចធិបតី ផ្ញើសារអបអរសាទរ សាសនិកឥស្លាម ក្នុងឱកាសខែរ៉ម៉ាឌន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ចំពោះបងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុងនិងក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ។

យោងតាមបណ្តាញសង្គម សម្តេចធិបតី លើកឡើងថា “តាងនាមរាជរដ្ឋាភិបាល​ នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤”

សម្តេចបន្តថា “ខ្ញុំសូមផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់ លើការដឹកនាំរបស់ខ្ញុំ, របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា”។

ដោយបន្តពីរាជរដ្ឋាភិបាល នីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់បងប្អូន សាសនិកឥស្លាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារ ស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួម ជាភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ៦ ២០០នាក់ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា “ឆ្នាំនេះក៏មានមិត្តភក្ដិបរទេស នឹងមកចូលរួមទាំងនៅក្នុង និងក្រៅប្រទេសប្រមាណជាង ៤០០នាក់ មកពី ៣៩ ជាតិសាសន៍ ជាពិសេសមានតំណាង ឯកឧត្តមអគ្គលេខាធិការអង្គការ សហប្រតិបត្តិការឥស្លាម (OIC), ឯកឧត្តម Wan Muhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និង អតីត-ថ្នាក់ដឹកនាំជាន់ខ្ពស់​ នៃបណ្ដាប្រទេសជិតខាង មកចូលរួមជាច្រើនផងដែរ”

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងឥស្លាម លើសាកលលោកសូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌនឆ្នាំ ២០២៤ នេះ កុំបីឃ្លៀងឃ្លាតឡើយ”

To Top