ព័ត៌មានជាតិ

សម្ដេចធិបតី ៖ការតភ្ជាប់ឌីជីថល ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារពង្រឹងផ្នែកសន្តិសុខ

រូបភាពពី៖​ STPM

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការធានាឱ្យបាននូវការតភ្ជាប់ឌីជីថល (Digital Connectivity) ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារនូវការពង្រឹងផ្នែកសន្តិសុខ ផ្នែកឌីជីថល និងបទបញ្ញត្តិនានា ប្រកបដោយភាពត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ប្រតិភូនៃវេទិការដ្ឋាភិបាលឌីជីថល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោក GOBIND SINGH DEO បានកោតសរសើរការរៀបចំដ៏ល្អ និងជោគជ័យនៃវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

លោក រដ្ឋមន្ត្រី សង្ឃឹមថា វេទិកានេះ នឹងបន្តធ្វើឡើងនៅបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីឱ្យអ្នកចូលរួម ក្នុងតំបន់អាស៊ានអាចជួបគ្នា និងសម្រួចនូវការពិភាក្សានេះ ដើម្បីធានាបាននូវការតភ្ជាប់ឌីជីថល។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានគោរពជម្រាបជូន សម្តេចធិបតី ថា វេទិកានេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល-រដ្ឋាភិបាល និង វិស័យឯកជន-ឯកជន ផងដែរ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលអនាគត ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកជំរុញវិស័យឌីជីថល, រដ្ឋាភិបាល ឌីជីថល, សេដ្ឋកិច្ចឌីជីថល និងឈានទៅរកសង្គមឌីជីថល ដែលមានការរីកចម្រើនលូតលាស់ប្រកបដោយការគាំពារសន្តិសុខឌីជីថល ដើម្បីអាចទប់ស្កាត់នូវបទល្មើសបច្ចេកវិទ្យា សន្តិសុខសាយប័រ និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ការស្វែងរកមធ្យោបាយក្នុងការតភ្ជាប់ឌីជីថលសម្រាប់បច្ចុប្បន្ន និងនាពេលអនាគត ហើយវេទិកានេះនឹងក្លាយទៅជាវេទិកាមួយសម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់ទៀតនៅក្នុងកិច្ចការអាស៊ានផ្នែកឌីជីថល ដើម្បីកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងភ្ជាប់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ាន។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា «ការធានាឱ្យបាននូវការតភ្ជាប់ឌីជីថល (Digital Connectivity) ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារផងដែរនូវការពង្រឹងផ្នែកសន្តិសុខ ផ្នែកឌីជីថល និងបទបញ្ញត្តិនានា ប្រកបដោយភាពត្រឹមត្រូវ និងអាចជឿជាក់បាន»។

មុននឹងបញ្ចប់ សម្តេចធិបតី បានស្នើឱ្យតំណាង គណៈប្រតិភូសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជា ទាំងផ្នែកទេសចរណ៍ និងវិស័យនានា ដើម្បីពាំនាំនូវភាពល្អពិតប្រាកដនៃកម្ពុជាជូនទៅបណ្តាប្រទេសអាស៊ាន ជាពិសេសភ្ញៀវទេសចរនិងធុរជននានា ៕

To Top