ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា របាយការណ៍បង្ក្រាបក្មេងទំនើង គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន២៥ករណី និងឃាត់ខ្លួនបាន៨៣នាក់។
អ្នកនាំពាក្យរងរូបនេះ បន្តថា ករណីក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅកើតច្រើនជាងគេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៤ករណី ឃាត់ខ្លួនបាន២៥នាក់។
ចំណែកខេត្តបាត់ដំបង ឃាត់បានច្រើនជាងគេ គឺចំនួន៤៥នាក់ លើ ២ករណីដែលបង្ក្រាបបាន, ភ្នំពេញ ១៤ករណី ឃាត់ខ្លួន២៤នាក់, ខេត្តពោធិសាត់ ៥ករណី ឃាត់ខ្លួន៧នាក់, ខេត្តបត់ដំបង ២ករណី ឃាត់ខ្លួន៤៥នាក់, ខេត្តត្បូងឃ្មុំ ២ករណី ឃាត់ខ្លួន៤នាក់, ខេត្តកណ្ដាល ១ករណី ឃាត់ខ្លួន២នាក់, ខេត្តកំពង់ធំ ១ករណី ឃាត់ខ្លួន១នាក់។
អ្នកនាំពាក្យ បញ្ជាក់ថា ការបង្ក្រាបក្មេងទំនើង គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដើមអាណត្តិមកម្ល៉េះ។
លោកបន្តថា ករណីក្មេងទំនើងពុំមែនជាសមត្ថកិច្ចផ្ដាច់មុខតែក្រសួងមហាផ្ទៃនោះទេ ពោលគឺ ទាមទារការចូលរួមពីក្រសួងស្ថាប័ន និងអង្គការសមាគមជាច្រើនទៀត បន្តចូលរួមផ្សព្វផ្សាយអប់រំ ណែនាំ តម្រង់ទិស ដើម្បីទប់ស្កាត់បង្ការ។ ជារួម ត្រូវប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប៕