កណ្ដាល ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្នុងដំណាក់កាលទី១ សម្រេចបាន ៦៦.១% ដោយចំណាយទឹកប្រាក់សាងសង់ចំនួន ៩៦១លានដុល្លារ នៃគម្រោងទឹកប្រាក់ វិនិយោគចំនួន ១,៥០០ លានដុល្លារ។
នាឱកាសអញ្ជើញចូលរួមក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាថ្ងៃទី១២ មីនា លោករដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០ លានដុល្លារអាមេរិក»។
លោករដ្ឋមន្ដ្រីបន្ដថា វឌ្ឍនភាពលម្អិត នៃគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ដូចជា ៖ អគារស្ថានីយ៍អ្នកដំណើរសម្រេចបាន ៥៦.៨% គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤, ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤% គ្រោង នឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤, អគារបញ្ជាចរាចរណ៍ ដែនអាកាសសម្រេចបាន ១០០% បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨% គ្រោងនឹងបញ្ចប់ នៅខែមេសា ឆ្នាំ២០២៤, ការភ្ជាប់បណ្តាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាស យានដ្ឋាន អន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤, ឋបនីយភណ្ឌ (សំណង់-អគារ) ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ដ្រីបន្ថែមថា ផ្អែកតាមផែនការ និងទំហំការងារ ដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ ៤F ដំណាក់កាលទី១ គ្រោងនឹងបើក ឲ្យដំណើរការនាឆមាសទី១ នៅឆ្នាំ២០២៥ ខាងមុខ ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្ទៃដីសរុបទំហំ ២,៦០០ហិកតា ស្ថិតក្នុងភូមិសាស្ដ្រ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានចែកជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៣លាននាក់ ក្នុង១ឆ្នាំ, ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ៣០លាននាក់ ក្នុង១ឆ្នាំ, ដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ៥០លាននាក់ ក្នុង ១ឆ្នាំ ៕