ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី៤-១០ ខែមីនា នៅទូទាំងប្រទេស មានបទល្មើសព្រហ្មទណ្ឌកើតឡើងសរុបចំនួន៦២ករណី។
បើតាមលោក ទូច សុឃៈ ក្នុងចំណោមករណីបទល្មើសសរុប កម្លាំង នគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប បានចំនួន៤៨ករណី ក្នុងនោះមានជនសង្ស័យ សរុបចំនួន៧០នាក់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ជនសង្ស័យទាំងនោះ ភាគច្រើនបានប្រព្រឹត្តអំពើលួច និងអំពើហិង្សា។ ក្រៅពីនេះមានដូចជាករណីឆក់ ប្លន់ បំពានផ្លូវភេទ រំលោភផ្លូវភេទ ឆបោក ឃាតកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ជាដើម។
កាលពីសប្ដាហ៍មុន សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ចំនួន៩០នាក់។ ចំនួននេះ បានបង្ហាញឲ្យឃើញថា ករណីបទល្មើសព្រហ្មទណ្ឌ នៅសប្ដាហ៍ចុងក្រោយមានការថយចុះ ៕