ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការរៀបចំការ បំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធមន្ទីរ ពេទ្យតេជោសែនកោះធំ

ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ១១ មីនា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃ១៣ មីនា ខាងមុខ។

មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានសាងសង់អគារថ្មីចំនួន៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឲ្យការព្យាបាល។

អគារថ្មីចំនួន៣ខ្នងរួមមាន៖
១- អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ។

២- អគារខាងឆ្វេង ចំនួន១ខ្នង មាន២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ
៣- អគារខាងស្តាំចំនួន១ខ្នង មាន២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ៕

To Top