កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះធ្វើការសម្របសម្រួលជាបន្ទាន់ លើបញ្ហាការទិញស្រូវរបស់ប្រជាពលរដ្ឋ ខុសតម្លៃគ្នា ក្នុងឃុំចំនួន ៣ នៃស្រុកស្ទឹងត្រង់ ។
លោកអភិបាលខេត្ត បានដាក់វិធានការនោះ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ក្នុងឱកាសប្រជុំសាមញ្ញ លើកទី ៥៨ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
បើតាមសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងថា ដោយសារមានសំណូមពរពីប្រជាពលរដ្ឋ សូមឱ្យអាជ្ញាធរខេត្ត ជួយរកដំណោះស្រាយ លើបញ្ហា កន្លងទៅថ្មីៗនេះ ឈ្មួញទិញស្រូវតម្លៃខ្ពស់ ទាប ខុសគ្នា ស្ថិតក្នុងឃុំខ្ពបតាងួន ឃុំពាមកោះស្នា និងឃុំព្រះអណ្ដូង នៅស្រុកស្ទឹងត្រង់ ។
ដោយមានការលើកឡើងដូច្នេះ អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ឲ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ចុះស្រាវជ្រាវលើបញ្ហានេះ រវាងប្រជាពលរដ្ឋ និងឈ្មួញអ្នកដើរទិញស្រូវ ដើម្បីធ្វើការសម្របសម្រួល ឲ្យមានការឯកភាពគ្នា ក្នុងតម្លៃណាមួយដែលពួកគាត់ទទួលយកបាន ដើម្បីបញ្ចប់កង្វល់របស់ប្រជាពលរដ្ឋ ។
លោកអភិបាលខេត្តបានឲ្យដឹងផងដែរថា ការប្រមូលផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ គិតមកដល់ត្រឹមថ្ងៃនេះ បានប្រមាណជា ៥៥% ហើយ។ នៅសល់ប្រមាណជា ៤៥% ទៀត កំពុងតែប្រមូលផលជាបន្តបន្ទាប់ ដែលបងប្អូនប្រជាកសិករយើង ធ្វើស្រូវប្រដេញទឹក ។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី ៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃនេះ មានរបៀបវារៈចំនួន ៤ ៖
ទី១ ៖ -ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
ទី២ ៖ -ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៣ ៖ -ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយ និងការធ្វើរបាយការណ៍សរុប ការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។
ទី៤ ៖ -បញ្ហាផ្សេងៗ ៕