ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសគាំទ្រនិងលើកទឹកចិត្តដល់ក្រុមហ៊ុនរោងចក្រ ផលិតសម្ភារៈកីឡាមួយ បណ្តាក់ទុនវិនិយោគ ផ្ដល់ការងារឲ្យកម្មករជិត៣ពាន់នាក់ នៅស្រុកស្វាយទាប

ស្វាយរៀង៖ លោក សរ សុដានីអភិបាលរងខេត្តស្វាយរៀង ក្នុងនាមអភិបាលខេត្ត និងរដ្ឋបាលខេត្តស្វាយរៀង សូមប្រកាសគាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ឱ្យមកវិនិយោគឱ្យបានច្រើននៅខេត្តស្វាយរៀង ខណៈក្រុមហ៊ុនរោងចក្រមួយផលិតសម្ភារៈកីឡាបោះទុនវិនិយោគផ្ដល់ការងារធ្វើដល់កម្មករជិត៣ពាន់នាក់នៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោកសរ សុដានី អភិបាលរងខេត្ត ប្រកាសគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនបែបនេះបានធ្វើឡើង ខណៈដែល លោកតំណាង លោកអភិបាលខេត្ត បានអញ្ជើញចូលរួមពីធីបើកការរដ្ឋានសាងសង់រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី ផលិតសម្ភារៈកីឡាស្ថិតនៅភូមិ ត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប នាព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៤។

ពិធីបើកការដ្ឋានសាងសង់រោងចក្រនេះមានការចូលរួមពីលោកជា ហ៊ន អភិបាលស្រុកស្វាយទាប អាជ្ញាធរដែនដី បុគ្គលិកបណ្ដាក្រុមហ៊ុនដៃគូវិនិយោគរោងចក្រ ជាច្រើននាក់ផងដែរ។

លោកអភិបាលរងខេត្តបានថ្លែងថា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តស្វាយរៀងក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។

លោកសរ សុដានី បានបន្តថា រាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែកនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាលបានមួយកម្រិតធំដូចជាបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុនរោងចក្រផលិតសម្ភារៈកីឡានេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី ដើម្បីឆ្លើយតបរាល់ការសំណូមពរផ្សេងៗក៏ដូចជាការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងមួយវិញទៀតសូមយកចិត្តទុកដាក់ដល់កម្មករដែលមកបម្រើការងារនៅក្នុងរោងចក្រនេះ ហើយត្រូវផ្ដល់ភាពកក់ក្តៅដល់ពួកគាត់ បើមានខុសឆ្គងត្រូវហៅពួកគាត់មកអប់រំ ដើម្បីឲ្យកែប្រែដោយ ចាត់ទុកកម្មករដូចជាបងប្អូន កូនក្មួយ គ្រួសារតែមួយផងដែរ។

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្តក៏បានជូនពរដល់ក្រុមហ៊ុនវិនិយោគរោងចក្រផលិតសម្ភារៈកីឡានេះ សូមឲ្យមានការរីកចម្រើន និងពង្រីកវិសាលភាព បណ្ដាក់ទុនបន្ថែមទៀតនៅមូលដ្ឋានស្រុកស្វាយទាបក៏ដូចជានៅទូទាំងខេត្តស្វាយរៀងផងដែរ។

សូមបញ្ជាក់ថា រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី ផលិតសម្ភារៈកីឡា ស្ថិតនៅភូមិ ត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបបានបណ្ដាក់ទុនជំហានដំបូងនៅលើផ្ទៃដីប្រមាណ៤០ហិចតាដែលអាចស្រូបយកកម្មករកម្មការិនី បម្រើការងារនៅក្នុងរោងចក្រនេះបានចំនួនជិត៣០០០នាក់ផងដែរ៕

To Top