ព័ត៌មានជាតិ

ព្រឹទ្ធសភាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបានពិភាក្សា និងអនុម័តទាំងស្រុងលើ សេចក្តីព្រាង ច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកដែលមាន១៨ជំពូកនិង ២៧៥មាត្រា។ ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹ ទ្ធសភា ជាប្រធានអង្គប្រជុំដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីធានាការគ្រប់គ្រង និងការ អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ នៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនា-សម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ សម្រាប់ព្រះរាជាណាច ក្រកម្ពុជា ដូចធាធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំង ផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចី រភាព។ ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវា ដែលធ្វើនា វាច រណ៍នៅក្នុង និងក្រៅប្រទេស។

លើសពីនេះសេចក្តីព្រាងច្បាប់នេះក៏បានជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាអាទិ៍៖ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្មនាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួ សជុលនាវា ការសាងសង់ និងធ្វើប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនិងធ្វើ ប្រតិបត្តិ ការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុក នៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរដ្ឋក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជំរុញឱ្យមានការតភ្ជាប់ ការដឹកជញ្ជូនពហុមធ្យោបាយ ដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបានស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្ម កម្ពុជា ឆ្នាំ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល ។ និង ចូលរួមចំណែកបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិក នៃអង្គការ អន្តរជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ សូមជម្រាបថាសេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៨ជំពូក ២៧៥មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជា-ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់ និងលើកជាសំ ណួររួចមក លោក​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺ ជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាព ទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល៕

To Top