ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អភិបាលខណ្ឌឬស្សីកែវទេីបចូលកាន់តំណែងថ្មី លោក ជិន ប៊ុនធឿន ឱ្យបន្តខិតខំដោះស្រាយ បញ្ហាទំនាស់ដីធ្លី និងទប់ស្កាត់នូវទំនាស់ដីធ្លីថ្មី កុំឲ្យកើតមានឡើងទៀត ។
លោក ឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌឬស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេសការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
លោកអភិបាលរាជធានីភ្នំពេញ បានឲ្យលោក ជិន ប៊ុនធឿន រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈ ត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។
លោក ឃួង ស្រេង បានលើកឡើងថា “បើយើងនៅតែបន្តធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋ នឹងនៅតែគោរពស្រលាញ់យើង បោះឆ្នោតឲ្យយើងឈ្នះ នៅឆ្នាំ២០២៧ខាងមុខទៀត”។
លោក ឃួង ស្រេង ក៏បានណែនាំអភិបាលខណ្ឌថ្មី ត្រូវសហការជាមួយនឹងថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋដែលជួបបញ្ហាផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ ទៅកាន់អភិបាលខណ្ឌឬស្សីកែវថ្មីថា “បន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនិង ទប់ស្កាត់នូវទំនាស់ដីធ្លីថ្មី កុំឲ្យកើតមានឡើងទៀត។ ទប់ស្ងាត់ចំពោះសំណង់ខុសច្បាប់ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ”។
បន្ថែមពីនេះទៀតលោក ឃួង ស្រេ ងក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗ ដែលជិតចូលនិវត្តន៍ គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ឲ្យចេះធ្វើការងារ ។
ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវថ្មី បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានប្តេជ្ញាបំពេញការងារឲ្យបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនឲ្យកម្លាំងណាមួយ មកបំផ្លាញបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។ លើកកំពស់សាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ។ អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕











