ភ្នំពេញ៖ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ។
ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី Jutta Urpilainen បានអបអរសាទរ ចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងអបអរសាទរផងដែរ ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២។
លោកស្រី ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធ និងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។
លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរអំពីការកត់សម្គាល់នៃការរីកចម្រើន លើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជា អាចចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
បន្ថែមលើនេះ លោកស្រី ក៏បានជម្រាបជូនសម្តេចធិបតីថា សហភាពអឺរ៉ុប នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសំខាន់ៗ ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។ ទន្ទឹមនោះ លោកស្រី បានជម្រាបជូន សម្តេចធិបតី ថា ក្នុងដំណើរទស្សនកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ លោកជំទាវនឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ (១) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំ បច្ចេកទេស ២០២៤-២០២៧, (២) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន, (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពល ប្រកបដោយចីរភាពក្នុងឧស្សាហកម្ម និង (៤) កម្មវិធីភាពជាដៃគូរបស់កម្ពុជា សម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព។
លោកស្រី Jutta Urpilainen ក៏បានបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាស្នងការសហភាពអឺរ៉ុប លោកស្រី បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប-កម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុប ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានបញ្ជាក់ពីការដាក់ចេញនូវវិធានការគន្លឹះ និងវិស័យអាទិភាពរបស់កម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ សម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដែលការណ៍នេះនឹងបញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការសម្រេចបាន នូវការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC Graduation) សម្តេចធិបតី បានសម្តែងនូវការអរគុណ ដល់ការចូលរួមចំណែកដ៏សំខាន់ របស់សហភាពអឺរ៉ុប និងស្នើដល់សហភាពអឺរ៉ុប បន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត៕