ព័ត៌មានជាតិ

ផ្អាកចរាចរណ៍ ​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ចាប់ពីយប់នេះ រហូត​ដល់​ម៉ោង១រសៀលថ្ងៃស្អែក

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្ដី​ជូនដំណឹង ​ស្តី​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ចាប់​ពី​វេលា​ម៉ោង​០៖០០នាទី​ រំលង​អាធ្រាត្រ​ រហូត​ដល់​វេលា​ម៉ោង​១៣៖០០នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៤។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១នេះ គឺធ្វើឡើង ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ចាប់ពីវេលាម៉ោង ០:០០នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ មន្ទីពេទ្យតេជោសែនកោះធំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី ពេជ ចន្ទមុនី។

មន្ទីរបញ្ជាក់បន្ថែមថា សម្រាប់រថយន្តធុនធ្ងន់ ដែលមានបំណងធ្វើដំណើរឆ្លងកាត់ ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពាន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា ៕

To Top