ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញដំណោះស្រាយ និងជំហរម៉ឺងម៉ាត់ចំពោះករណីរោងចក្រY&W ធ្វើឱ្យកម្មករភាគច្រើនលើសលប់ពេញចិត្តនិងឯកភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បលយូ ហ្គាមេន (Y & W GARMENT CO., LTD.)រត់ចោលកម្មករ។

ក្រសួងបានអះអាងថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ពីការរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រផ្ទាល់រួចមក វិធានការចំនួន៦នឹងត្រូវដាក់ចេញដែលរួមមាន ទី១. សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ធម្មតា រហូតដល់រយៈពេល ៣ខែ។ ទី២. ទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗដែលនៅទីតាំងរោងចក្រនឹងត្រូវរក្សាទុកសម្រាប់ទូទាត់ជូនបងប្អូន កម្មករនិយោជិត។ ក្រសួងនឹងជូនដំណឹងដល់បងប្អូនកម្មករនិយោជិតជាសាធារណៈ នៅពេលដែលការលក់ឡៃឡុងទ្រព្យសម្បត្តិរបស់រោងចក្រត្រូវបានកំណត់ថ្ងៃ។ ទី៣. ក្រសួងថា ក្នុងខណៈពេលដែលបងប្អូនរង់ចាំនីតិវិធីលក់ឡៃឡុង ដើម្បីយកមកទូទាត់ជូនបងប្អូនកម្មករ និយោជិត ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលំការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ ការងារថ្មីភ្លាមៗជូនបងប្អូន ដើម្បីបងប្អូនអាចទទួលបានប្រាក់ខែបន្តភ្លាមៗ។

សម្រាប់វិធានការទី៤ ក្រសួងថា អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាម៉េន។ ទី៥. ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួន ស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុននេះ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីព្រះរាជាណា ចក្រកម្ពុជា។ និងទី៦. ក្រសួងបាននិងកំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ចូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេស កំណើតរបស់ថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា។

ចំពោះសេនារីយូនេះ ក្រសួងបានអះអាងថាកម្មករភាគច្រើន ប្រមាណ៩៤%បានពេញចិត្ត និងឯកភាពយល់ព្រមចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងដោយកម្មករនិយោជិតប្រមាណជាង ៤ ៥០០នាក់ លើចំនួនសរុប ៤ ៨៤៩នាក់ នៃក្រុមហ៊ុន បានយល់ និងឯកភាពរង់ចាំដំណោះស្រាយទៅតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ ក្រសួងក៏បានគូសបញ្ជាក់ដែរថា មានបុគ្គលចំនួន ៥នាក់ អាចមាន ចេតនាផ្ដល់ព័ត៌មានខុសការពិតដល់បងប្អូនកម្មករនិយោជិត ដែលជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិតប្រមាណ ៣០០នាក់ មានការព្រួយបារម្ភអំពីការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) និងអត្ថប្រយោជន៍ ផ្សេងៗរបស់ខ្លួន ក្នុងខណៈពេលដែលក្រសួង និងអាជ្ញាធរដែនដីកំពុងតែប្រចាំការនៅក្នុងទីតាំងរោងចក្រ ហើយក៏កំពុងស្វែងរកនីតិវិធីផ្សេងៗ ដើម្បីផ្ដល់អាទិភាពការពារអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត មុនភាគីផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y& W GARMENT CO., LTD.) ឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មី ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយបន្តប្រើប្រាស់បណ្ណ ប.ស.ស. របស់ខ្លួនជាធម្មតាព្រោះរាជរដ្ឋាភិបាលកម្ពុជាមិនលើកលែងដល់និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ បើទោះបីជាបានរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។ លើសពីនេះ ក្រសួងក៏សូមរំឭកដល់បុគ្គលនានា សូមបញ្ឈប់ជាបន្ទាន់ចំពោះការស្រាយបំភ្លឺច្បាប់ខុស គ្មានវិជ្ជាជីវៈ ក្នុងចេតនាញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសពីនីតិវិធីច្បាប់៕

To Top