ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យអ្នកលក់ផលិតផល ធ្វើឲ្យស្បែកស គិតគូរពីសុខភាពអ្នកប្រើ

ភ្នំពេញ៖ សម្ដេចធិបតី ហុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវឲ្យអ្នកលក់ផលិតផល ធ្វើឲ្យស្បែកសទាំងឡាយ ត្រូវគិតគូរពីបញ្ហាសុខភាព អ្នកប្រើប្រាស់ ហើយបើមិនបានធ្វើបុណ្យទេ កុំយកបាបឲ្យពួកគាត់ជាអ្នកប្រើប្រាស់ ។

ក្នុងពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ” ខេត្តកណ្តាល នាព្រឹកថ្ងៃ១៣ មីនា សម្ដេចធិបតី មានប្រសាសន៍ថា «អ្នកខ្លះចង់ល្អ ខ្ញុំសុំអារឿងនេះ ខ្ញុំមានកូនទាហានម្នាក់ យកទៅពេទ្យសង្គ្រោះបន្ទាន់ ធម្មជាតិម៉ែបង្កើតមកប៉ុណ្ណាយកប៉ុណ្ណឹងទៅ គាត់សម្បុរចង់ស ជាងខ្ញុំផង គាត់ទៅចង់សស្គុះ យកឡេមកលាប ហើយស្បោងមករុំខ្លួនឯង ទាល់តែចុងក្រោយដង្ហក់ខ្លាំង យកទៅពេទ្យមិនចង់ទាន់»

សម្ដេចធិបតីបន្តថា «បងប្អូនដែលលក់ផលិតផល សូមគិតគូរពីបញ្ហាសុខភាពអ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឲ្យគាត់ ផលិតផលយើងជោគជ័យ ប៉ុន្តែត្រូវទទួលខុសត្រូវ ហើយអ្នកប្រើសូមឲ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»

សម្ដេចធិបតីបានថ្លែងថា បើចង់ស្រកគីឡូ ត្រូវធ្វើការហាត់ប្រាណ ហើយការហាត់ប្រាណនេះ គឺសប្បាយគ្រាន់តែមានធុងបាសមួយ ចាក់ភ្លេងរាំកាយវិការ គឺអាចដុតជាតិខ្លាញ់ក្នុងខ្លួនបានហើយ ។

ជាមួយគ្នានោះ សម្ដេចក៏បានអំពាវនាវឲ្យពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាព ព្រោះសុខភាព គឺសំខាន់ ៕

To Top