ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង (Boo Young) របស់កូរ៉េ ទទួលយកកម្មសិក្សា និងការហ្វឹកហ្វឺនកូនជាង

" "

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង(Boo Young) ដែលជាក្រុមហ៊ុន ដ៏ធំរបស់កូរ៉េខាងត្បូង ឱ្យទទួលយកនិស្សិត និង សិក្ខាកាមរបស់កម្ពុជាឱ្យចុះកម្មសិក្សា និងការហ្វឹកហ្វឺន ដើម្បីដកស្រង់បទពិសោធន៍ការងារ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងក្រុមហ៊ុនស្តង់ដាអន្តរជាតិមួយនេះ។ ការជំរុញដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក យ៉ុងមេន លី(Yong Man Lee)ប្រធានក្រុមហ៊ុន ប៊ូយ៉ុង(Boo Young)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​កាលពី​ម្សិលមិញ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណុចសំខាន់ នៃការផ្តល់ឱកាសកម្មសិក្សា ដែលក្រុមហ៊ុនអាចទទួលយកនិស្សិត សិស្ស និងសិក្ខាកាមពីគ្រប់កម្រិត តាំងពីថ្នាក់ជំនាញបច្ចេកទេស កម្រិតការងាររដ្ឋបាល រហូតដល់កម្រិតគ្រប់គ្រង ដើម្បីជួយកសាងសមត្ថភាពចំណេះជំនាញដល់យុវជនកម្ពុជា។

" "

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យ នៃការបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ ដែលជាផែនការអាទិភាពមួយ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ហើយក៏ជាចំណុចគន្លឹះមួយក្នុង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជា ជាប្រទេសមាន សេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។

" "

ជាងនេះទៀត លោករដ្ឋមន្ត្រី បានលម្អិតពីកម្មវិធីថ្នាក់ជាតិ លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលជាផែនការសកម្មភាពអាទិភាព របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យយុវជនមានជំនាញ បច្ចេកទេសវិជ្ជាជីវៈ ក្លាយជាកម្លាំងពលកម្ម ដែលមានសមត្ថភាព និងផលិតភាពខ្ពស់ ។ ត្រង់ចំណុចនេះលោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ពិចារណាក្នុងការផ្តល់សម្ភារៈ ឧបករណ័ ដល់កម្ពុជាដើម្បីពង្រឹងសមត្ថភាពនៃការសិក្សា និងអនុវត្តជាក់ស្តែង។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនប៊ូយ៉ុង បានអបអរសាទរចំពោះចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្រ របស់ក្រសួងលើការបណ្តុះ បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយអះអាងថា ក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែក ក្នុងការសម្រេចចក្ខុវិស័យ ដ៏សំខាន់មួយនេះរបស់រាជរដ្ឋាភិបាល ៕

To Top