ព័ត៌មានជាតិ

កម្ពុជា នឹងក្លាយទៅជាទីតាំង អំណោយផល សម្រាប់គាំទ្រ ដល់ការរីកលូតលាស់ នៃគម្រោងវិនិយោគលើគ្រប់វិស័យ

ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយទៅជាទីតាំង ដែលមានភាពអំណោយផល សម្រាប់គាំទ្រ ដល់ការរីកលូតលាស់ នៃគម្រោងវិនិយោគលើគ្រប់វិស័យ។

ការបង្ហាញសុទិដ្ឋិនិយម របស់អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ធ្វើឡើងនាថ្ងៃ១៣ មីនា ក្នុងឱកាសចូលរួមជាវាគ្មិន ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌា ដែលសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, សមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា, និង Basic Chemicals, Cosmetics & Dyes Export Promotion Council ។

តាមរយៈសុន្ទរកថាគន្លឹះ ថ្លែងក្នុងឱកាសនោះដែរ លោក សួន សុផល បានបង្ហាញពីសេចក្តីសោមន្ស សម្រាប់ការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ ជាពិសេសការជ្រើសរើសកម្ពុជា ជាគោលដៅ នៃទស្សនកិច្ចការងាររបស់ គណៈប្រតិភូ ដែលប្រកបរបរលើសារធាតុគីមី ដែលបម្រើដល់ខ្សែច្រវាក់ ផលិតកម្មនៃរោងចក្រ និងកម្មន្តសាល ។ ការណ៍នេះបានឆ្លុះបញ្ចាំង អំពីកំណើននៃការចាប់អារម្មណ៍ របស់សហគមន៍ធុរកិច្ចឥណ្ឌាក្នុងការ ស្វែងរកកាលានុវត្តភាពវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍ វិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ហើយលោកមានសុទិដ្ឋិនិយមថា «កម្ពុជានឹងក្លាយទៅជាទីតាំង ដែលមានភាពអំណោយផល សម្រាប់គាំទ្រ ដល់ការរីកលូតលាស់នៃ គម្រោងវិនិយោគលើគ្រប់វិស័យ» ។

ជាមួយគ្នានេះ លោកក៏បានគូស រំលេចអំពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជា និងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាដែលរំពឹងថា នឹងមាន កំណើនរហូតដល់ ៦,៦% ក្នុងឆ្នាំ ២០២៤។

លើសពីនេះ លោកបានពិពណ៌នាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការពង្រឹងយន្តការផ្តល់ កិច្ចសម្រួលវិនិយោគ, ការបន្សាំការអនុវត្តជាមួយ នឹងនិន្នាការ នៃឧត្តមានុវត្តន៍អន្តរជាតិ, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ, និងសេវាថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ ៕

To Top