ព័ត៌មានជាតិ

រូបសំណាកហ្លួងព្រះស្តេចកន ធ្វើពីស្ពាន់សុទ្ធទម្ងន់ជិត ១០តោន នឹងរួចរាល់មុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសាងសង់រូបសំណាកហ្លួងព្រះស្តេចកន គង់លើខ្នងសេះ នៅក្នុងសតវត្ស ទី១៤ និងទី ១៥ អំឡុងឆ្នាំ ១៤៨៣ ដល់ ឆ្នាំ១៥២៥ ធ្វើអំពីស្ពាន់សុទ្ធ មានទម្ងន់ជិត១០តោន។ រូបសំណាកនេះ នឹងសាងសង់រួចរាល់ នៅដើមខែមេសា ឆ្នាំ២០២៤ មុនពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាថ្ងៃ១៣ មីនា ។

រូបសំណាកហ្លួងព្រះស្ដេចកននេះ មានកម្ពស់ពីដីដល់កំពូលលើ ១៣,៣៥ម៉ែត្រ និងរូបសំណាកសេះ មានកម្ពស់ ១១ម៉ែត្រ បើគិតពីកម្ពស់សេះផ្នែកជើងក្រោយ ដល់គ្រាប់ព្រួញមានកម្ពស់ជាង ៨ម៉ែត្រ បើគិតប្រវែងសេះពីកន្ទុយរហូតក្បាលមានប្រវែងជិត ១២ម៉ែត្រ ។ ធ្វើពីស្ពាន់ចាក់គ្រឹះបេតុងក្រោម នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន ដែលមានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ថា រូបសំណាកហ្លួងព្រះស្តេចកន យាងជិះសេះ ប្រដាប់ដោយធ្នូ មានគ្រាប់ចំនួន៣គ្រាប់ ប្រថាប់លើខ្នងសេះបែរព្រះភ័ក្ត្រទៅទិសខាងលិច ក្នុងយុទ្ធសាស្ត្រស្ទាត់ជំនាញខាងប្រើធ្នូ បញ្ជាគ្រាប់ព្រួញបំផ្លាញសត្រូវ ដើម្បីការពារប្រជានុរាស្ត្រ នៃនគរសុវណ្ណភូមិរបស់ទ្រង់ ។

រូបសំណាកស្តេចកន គង់លើខ្នងសេះ គឺស្ថិតលើរង្វង់មូលផ្លូវជាតិលេខ៧ ត្រង់ផ្លូវបត់ចូលទៅកាន់ បុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅ នៃកម្ពុជា ៕

To Top