ព័ត៌មានជាតិ

អំពីពាក្យ “ជា”

“ជា” មានន័យបួនផ្សេងៗគ្នា។ នេះបើតាមការពន្យល់ន័យក្នុងវចនានុក្រមខ្មែរ។ ន័យទី១ ជាគុណនាម មានសេចក្ដីថា ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ។ ន័យទី២ ជាកិរិយាសព្ទ មានសេចក្ដីថា ពាក្យសម្រាប់និយាយចង្អុលនាមសព្ទឱ្យដាច់សេចក្ដីដោយឡែក។ ឧទាហរណ៍៖ វិជ្ជាជាទ្រព្យដ៏ប្រសើរក្នុងលោក, ឈ្មោះនេះជាមនុស្សស្លូតត្រង់…។ ន័យទី៣ ជានាមសព្ទ មានសេចក្ដីថា ទីទៃពីនៅកំដរទ្រព្យគេ។ ឧទាហរណ៍៖ បានរួចខ្លួនជាអ្នកជា។ ឯន័យទី៤ ជានាមសព្ទសម្គាល់ឈ្មោះពស់មួយប្រភេទមានពិសខ្លាំងកាលនៅតូចហៅ ពស់ជា លុះធំទ្រើសបន្តិចឡើងហៅ ពស់ក្រាយ ដល់ធំអស់ទំហំហៅ ពស់រំចេក។

សំណេរប្រើរាល់ថ្ងៃ ពាក្យ “ជា” ពេញនិយមប្រើសម្រាប់ចង្អុលបង្ហាញនាមសព្ទក្នុងអត្ថបទផ្សេងៗទាំងអត្ថបទសិក្សាស្រាវជ្រាវ ទាំងស្នាដៃតែងនិពន្ធជាប្រលោមលោក កំណាព្យ ចម្រៀង កាសែតជាដើម។ ពាក្យ “ជា” ក៏មានភាសានិយាយតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ តួយ៉ាងគេនិយាយថា “ទឹកជា” ដែលសំដៅលើទឹកសាប ឬទឹកសុទ្ធ។

ក្នុងអត្ថបទអក្សរសិល្ប៍នៃអ្នកនិពន្ធជំនាន់មុនក៏ឃើញមានពាក្យ “ជា” ប្រើក្នុងន័យថា ល្អ សុចរិត ប្រពៃ ភក្ដីភាព…។ ជាទឡ្ហីករណ៍មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ប្រការជាមង្គលរបស់ស្រី។ ព្រះរាជនិពន្ធនោះថា៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឱ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្ដី ឫករាបស្រគត់ ផ្គង់ផ្គត់សម្ដី ការកេរខ្មាសស្រី បរិសុទ្ធមែនមួន។[…]

ក្រៅអំពីអត្ថបទកាព្យខាងលើក៏ឃើញមានពាក្យ ជាប្រើក្នុងអត្ថបទប្រលោមលោក អត្ថបទកំណាព្យផ្សេងដូចក្នុងច្បាប់ព្រះរាជសម្ភារៈ ព្រះអង្គបានចែងថាខ្លែងហើរដ្បិតខ្យល់ នាយថ្កើនដ្បិតពលរក្សាឱ្យសុខ ទ្រព្យគង់ដ្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកដ្បិតភរិយាជា”។ ភរិយាជា គឺភរិយាមានលក្ខណសម្បត្តិល្អប្រសើរ ពោលជាស្ត្រីគ្រប់លក្ខណ៍មានទាំងចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ចេះកិច្ចការផ្ទះ និងការងារផ្សេងទៀត ព្រមទាំងការចេះគ្រប់គ្រងផ្ទះសម្បែង​ការអប់រំកូនចៅ និងអាចដោះស្រាយបញ្ហាតូចធំ ដើម្បីឱ្យគ្រួសារមានសុភមង្គល៕ដោយ៖ ហ៊ួន ស៊ីឡូន

To Top