ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក)បានថ្លែងថា បច្ចុប្បន្នស.ស.យ.ក កំពុងពង្រីកតួនាទី របស់ខ្លួនឲ្យកាន់តែខ្លាំងក្លាទៀត ដើម្បីបន្តបោះជំហានទៅមុខ យ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតី ទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រ ជាប់ជាប្រចាំដល់យុវជន ឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម ។

ថ្លែងពីសំណាក់ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាបែបនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលនៃ សហភាពសហព័ន្ធយុវជនកម្ពុជា នាសណ្ឋានគារសុខា នាព្រឹកថ្ងៃទី១៣ មីនា ។
លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀងទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពរឹងមាំរបស់ ស.ស.យ.ក. ។

លោកបន្តថា “ស.ស.យ.ក. បានបន្តបោះជំហានទៅមុខយ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតី ទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជនឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម ដោយបន្តប្តេជ្ញាជំរុញការអនុវត្តការងារ និងសកម្មភាពនានាក្នុង «ផែនការយុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨» ឲ្យសម្រេចបានលទ្ធផលជាក់ស្តែងកាន់តែច្រើនថែមទៀតសម្រាប់យុវជន និងជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានោះ លោកហ៊ុន ម៉ានី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគ្រប់រូបនាកន្លងមកទៀតផង ៕


