ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាព​ ការងារជីកស្តារ ប្រឡាយមេ៩៦ នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀង ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាព នៃការជីកស្តារប្រឡាយមេ៩៦ ស្ថិតក្នុងសង្កាត់ កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារ នាពេលនេះមានការចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរជាច្រើនរូបផងដែរ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និង ឧតុនិយម បានធ្វើគម្រោងផែនការដ៏ធំ ដើម្បីដោះទឹកជំនន់ទឹកភ្លៀង រដូវវស្សា ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហា ខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំង ដល់តំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារជីកស្តារប្រឡាយមេ ៩៦ ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ ទៅ១០០ម៉ែត្រ ជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប ។ លោករដ្ឋមន្ត្រីបន្តឱ្យដឹងថា ផលប្រយោជន៍ប្រឡាយមេ៩៦ គឺជាប្រព័ន្ធរំដោះទឹកមួយ ដ៏សំខាន់ចេញពីក្រុងតាខ្មៅ ចេញពីស្ទឹងព្រែត្នោត និងតំបន់ជុំវិញព្រលានយន្តហោះថ្មី ធ្វើយ៉ាងណាដោះទឹកទាំងនោះតាមប្រឡាយ៩៦ ឆ្ពោះទៅកាន់ទន្លេបាសាក់ បឹងជើងលោង ចេញទៅព្រែកគង់ ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ ។

default

លោករដ្ឋមន្ត្រីបញ្ជាក់ថា គិតមកដល់ពេលនេះការងារជីកស្តារប្រឡាយមេ៩៦ សម្រេចបានប្រមាណ ៣៥%។

គួរបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ក្នុងនោះគម្រោងការងារដែលត្រូវអនុវត្តមាន ទី១)ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី២)ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល ទី៣)ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ទី៤)ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី៥)ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង ៣៤គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ទី៦)ព្រែកពាមសត្ថា ប្រវែង ១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និង ខេត្តកណ្តាល ទី៧)ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ទី៨)ប្រឡាយ អូរខ្សាច់ ភ្ជាប់ពីរលាំងជ្រៃខាងជើង មកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕

default
default
default
default
default
default
To Top