ព័ត៌មានជាតិ

លោកស្រី​ស្នងការអឺរ៉ុប ទស្សនកិច្ចរោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីប្រកាសចាប់ផ្តើមដំណាក់ទី៣ ក្រោមគំនិតផ្តួចផ្តើម EU Global Gateway

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ លោកស្រី ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុប ទទួលបន្ទុក​ ភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញទស្សនកិច្ច នៅរោងចក្រផលិតទឹកស្អាតបាក់ខែង។

រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ គឺជាគម្រោងវិនិយោគរបស់អឺរ៉ុប ដ៌ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្រ្តវិនិយោគច្រកចូល ទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះ បានជួយធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាទឹកស្អាត សម្រាប់ប្រជាពលរដ្ឋជាង២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានអមដំណើរដោយ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមជាមួយដំណាង មកពីរដ្ឋជាសមាជិក សហភាពអឺរ៉ុប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមាណជា៥០នាក់។

លោកស្រីស្នងការអឺរ៉ុប ជូតា អេភើលឡៃនីន បានលើកសរសើរអំពីភាពដៃគូរដ៌រឹងមាំ រវាងទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD) ធនាការវិនិយោគអឺរ៉ុប និងសហភាពអឹរ៉ុប ថាជាក្រុមការងារអឺរ៉ុបដ៌ខ្លាំងមួយ ជាពិសេសក្នុងវិស័យទឹកស្អាត។ លោកជំទាវក៌បានរំលេចអំពីសារៈសំខាន់ នៃការទទួលបានសេវាទឹកស្អាត ថាជាសិទ្ធិមូលដ្ឋានដ៌សំខាន់មួយ និងជាកត្តាដ៌ចំបងក្នុងការជួយ ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោកស្រី ជូតា អេភើលឡៃនីន បានលើកឡើងថា៖ “ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាព ក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណង ចំនួន១៣លានដុល្លារសហរដ្ឋអាមេរិក (១២ លានអឺរ៉ូ) ដើម្បីគំាទ្រដល់គម្រោងបាក់ខែង ដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។”

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់ សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ដែលជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ យើងសូមថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចំពោះការបន្តគាំទ្រដ៏ខ្ជាប់ខ្ជួន ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។”

រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឺកស្អាតបាន ចំនួន ៣៩០.០០០ មែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។ គម្រោងនេះក៌បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មីដល់ប្រជាពលរដ្ឋប្រមាណ ១៧០,០០០ តំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា ២៥.០០០ តំណផងដែរ។

គម្រោងបាក់ខែងដំណាក់កាលទី៣ គឺជាគម្រោងពង្រីកសមត្ថភាព ផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានទៅមុខមួយទៀត គួរឱ្យកត់សម្គាល់ ឆ្ពោះទៅរកការកសាង ហេដ្ឋារចនាសម្ពន្ធ័ទឹកស្អាត ប្រកដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើន នៃតម្រូវការទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

លោកស្រីស្នងការអឺរ៉ុប ជូតា អេភើលឡៃនីន បានជ្រើសរើសយកកម្ពុជា ជាប្រទេសទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៌ ដើម្បីបំពេញទស្សនកិច្ច។ ការជួបសន្ទនារបស់លោកស្រី ជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យុវជន និងសង្គមស៊ីវិល គឺជាឱកាសមួយ ដើម្បីឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ដ៌យូរអង្វែងរវាងអឺរ៉ុប និងកម្ពុជាកន្លងមក ក៌ដូចជាដើម្បីប្រកាសចាប់ផ្តើម នូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់ការវិនិយោគ ក្នុងភាពជាដៃគូជាមួយសហភាពអឹរ៉ុប៕

To Top