ព័ត៌មានជាតិ

កម្ពុជា-អឺរ៉ុប ចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង មានទំហំសរុប ៧៩លានអឺរ៉ូ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jutta Urpilainen ស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង មានទំហំសរុបចំនួន ៧៩លានអឺរ៉ូ និងប្រកាសដាក់ឲ្យអនុវត្តកម្មវិធី ចំនួន៤។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១២ មីនា បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលមានទំហំសរុបចំនួន ៧៩ លានអឺរ៉ូ សម្រាប់គាំទ្រកម្មវិធីទាំង ៤ រួមមាន៖

១- កម្មវិធីភាពជាដៃគូដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា (Cambodia Partnership for Sustainable Agriculture and Food Systems – EU CAPSAFE) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ១៧ លានអឺរ៉ូ ឬប្រមាណ ១៨.៤ លានអឺរ៉ូ និងសហហិរញ្ញប្បទាន ពីប្រទេសអាល្លឺម៉ង់ ចំនួន ៧.៣ លានអឺរ៉ូ ឬប្រមាណ ៧.៨ លានដុល្លារក។

២- កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) មានថវិកាសរុប ចំនួន ៦ លានអឺរ៉ូ ឬប្រមាណ ៦.៥ លានដុល្លារ។

៣- កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024-2027) មានថវិកាសរុប ចំនួន ៤៩ លានអឺរ៉ូ ឬប្រមាណ ៥៣.១ លានដុល្លារ។

៤- កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ៧ លានអឺរ៉ូ ឬប្រមាណ ៧.៦ លានអឺរ៉ូ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ចំនួន ៣ លានអឺរូ ឬប្រមាណ ៣.៣ លានដុល្លារ។

លោកស្រី Jutta Urpilainen ស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ បានថ្លែងថា សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួន ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍ តិចតួចនាពេលខាងមុខ ។ ក្នុងន័យនេះ យុទ្ធសាស្ត្រ Global Gateway នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជា ឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ។

លោកឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណ ចំពោះសហភាពអឺរ៉ុប និងលោកស្រី Jutta Urpilainen ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយ ដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ការចុះហត្ថលេខា និងការប្រកាសដាក់ ឲ្យអនុវត្តកម្មវិធីថ្មីទាំង៤នាពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ក្នុងទិសដៅនេះ ឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញ និងការពង្រឹងភាពជាដៃគូ ស្អិតល្មួតជាមួយសហភាពអឺរ៉ុប ក្នុងពហុវិស័យអាទិភាពនានា ទៅអនាគត ៕

To Top