ភ្នំពេញ៖ក្រុមមេដឹកនាំសហជីព សម្តែងការគាំទ្រចំពោះដំណោះស្រាយ និងកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដ ចំពោះករណី ក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ដែលថៅកែរត់ចោល។ ក្រុមមេដឹកនាំសហជីព ក៏បានអំពាវនាវផងដែរកុំឱ្យកម្មករជឿលើការញុះញង់ពីក្រុមមនុស្សមួយក្តាប់តូច រហូតធ្វើសកម្មភាពខុសច្បាប់។
ការលើកឡើងបែបនេះបន្ទាប់ពីនៅយប់ថ្ងៃទី១២ មីនា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រត់ចោលកម្មករ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលដែលមានក្រសួងការងារបានធ្វើកិច្ចអន្តរាគមន៍យ៉ាងលឿន។ អ្វីដែលជាការកត់សម្គាល់ពាក់ពិននិងវិវាទការងារនេះគឺរាជរដ្ឋាភិបាល ដែលមានក្រសួងការងារបានធ្វើការយ៉ាងសកម្ម ជិតស្និតលើរឿងនេះ ដើម្បីរកដំណោះស្រាយជូនបងប្អូនកម្មករ កម្មការិនីរបស់យើងនៅក្នុងរោងចក្រនោះ។ ជាក់ស្តែងក្រសួងមានសេចក្តីជូនដំណឹងភ្លាមៗបន្ទាប់ពីកើតហេតុ និងរហូតត្រឹមយប់ម្សិលមិញនេះមានសេចក្តីជូនដំណឹងមួយទៀតដែលមានការដាក់ចេញនូវដំណោះស្រាយយ៉ាងទាន់ពេលវេលាផងដែរ»។
មេដឹកនាំសហជីពរូបនេះក៏បានបញ្ជាក់ថា ដំណោះស្រាយរបស់ក្រសួងការងារដែលមានទាំងការអនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ក៏ដូចជាការបញ្ជូនក្រុមមន្រ្តីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារទៅណែនាំអំពីការដាក់ពាក្យធ្វើការកន្លែងថ្មី រួមទាំងការចរចារជាមួយម្ចាស់ផ្ទះជួលធ្វើការផ្អាកការបង់ថ្លៃផ្ទះជួលបណ្តោះអាសន្នសិន ទាំងនេះបញ្ជាក់អំពីការយកចិត្តទុកដាក់សុខទុក្ខកម្មករនិយោជិតទាន់ពេលវេលាបំផុត។
ចំណែក លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានបញ្ជាក់ថា៖«ខ្ញុំគាំទ្រដំណោះស្រាយរបស់ក្រសួងការងារចំពោះករណីវិវាទការងាររវាងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ហើយខ្ញុំជឿជាក់ថាដំណោះស្រាយរបស់ក្រសួងពិតជាអាចការពារផលប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនីរបស់យើងនៅទីនោះស្របទៅតាមច្បាប់ដែលបានចែង។ សូមបងប្អូនជឿជាក់មកលើក្រសួងការងារដែលជាបុគ្គលសំខាន់បំផុតក្នុងការរកដំណោះស្រាយជូនបងប្អូន»។
មេដឹកនាំសហជីបរូបនេះបានសង្កត់ធ្ងន់ថា កម្មករ កម្មការិនីនៅក្នុងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ទាំងអស់សូមមានការអត់ធ្មត់កុំជឿលើការញុះញុងពីសំណាក់ក្រុមមនុស្សមួយក្តាប់តូចដែលចូលខ្លួនមកកកូរកកាយក្នុងករណីនេះ ដែលអាចឈានដល់កម្មករនិយោជិតប្រព្រឹត្តទង្វើខុសច្បាប់ និងប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ការធ្វើបែបនេះពុំមែនជាដំណោះស្រាយល្អនោះទេ បើទោះបីកម្មករនិយោជិតអាចធ្វើបានតាមសិទ្ធិរបស់បងប្អូនដែលមានក៏ដោយ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ថាថៅកែបានរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានដាក់ចេញវិធានការចំនួន៦ ដើម្បីរក្សាការពារប្រយោជន៍ជូនកម្មករនិយោជិត។ ចំពោះសេនារីយូនេះ ក្រសួងបានអះអាងកម្មករភាគច្រើនលើសលប់ បានពេញចិត្ត និងឯកភាពយល់ព្រមចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងដោយកម្មករនិយោជិតប្រមាណជាង ៤ ៥០០នាក់ លើចំនួនសរុប ៤ ៨៤៩នាក់ នៃក្រុមហ៊ុន បានយល់ និងឯកភាពរង់ចាំដំណោះស្រាយទៅតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y& W GARMENT CO., LTD.) ឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មី ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយបន្តប្រើប្រាស់បណ្ណ ប.ស.ស. របស់ខ្លួនជាធម្មតា។ ចំណែករាជរដ្ឋាភិបាលកម្ពុជាមិនលើកលែងដល់និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ បើទោះបីជាបានរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។ លើសពីនេះ ក្រសួងក៏សូមរំឭកដល់បុគ្គលនានា សូមបញ្ឈប់ជាបន្ទាន់ចំពោះការស្រាយបំភ្លឺច្បាប់ខុស គ្មានវិជ្ជាជីវៈ ក្នុងចេតនាញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសពីនីតិវិធីច្បាប់៕