ព័ត៌មានជាតិ

ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្តេជ្ញា ជាមួយសម្តេចធិបតីថា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតី នៃការឯកភាពគ្នា រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ នាពេលកន្លងមក ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តី បានជម្រាបជូន សម្តេចធិបតីថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នា រវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ​។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ លោកនឹងចុះហត្ថលេខា លើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ​​ ១៥០​លានដុល្លារ​ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យ ក្នុងតំបន់ ​ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរព្រៃគុក​ ដោយឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយ លើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនង ស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣។

សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលរួមគ្នា ជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគ ពីប្រទេសជប៉ុនមកកម្ពុជាជាដើម។

ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ ដំឡើងកម្រិតនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នា មួយចំនួន ដូចជា ទស្សនកិច្ច​កងនាវា នៃកងកម្លាំងស្វ័យការពារ ជើងទឹកជប៉ុន ព្រមទាំង​ការធ្វើលំហាត់រួមគ្នាផងដែរ។

ជាងនេះទៅទៀត សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្រ របស់ប្រទេសជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយ ក្នុងការចូលរួមថែរក្សា និងអភិរក្សបេតិកភណ្ឌកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីភាពរីកចម្រើន នៃយន្តការនេះ ដោយបានពង្រីកដល់ការអភិរក្សនៅតំបន់ប្រាសាទសំបូរព្រៃគុក និងការបន្តសុពលភាពនៃយន្តការនេះ រយៈពេល ១០ឆ្នាំបន្ថែមទៀតផងដែរ។

មុននឹងបញ្ចប់ សម្ដេចធិបតី និងលោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការបន្តនូវកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែក ក្នុងការគាំពារដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់និង អន្តរជាតិផងដែរ ៕

To Top