ភ្នំពេញ៖ សិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ» ត្រូវបានបើក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុប៣៥០នាក់។
លោក វង្សី វិស្សុត បានចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យក្រុមការងារទាំងកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានដែលបង្កឡើង ដោយព័ត៌មានក្លែងក្លាយទាំងនោះ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះ បច្ចេកវិទ្យាគឺជាមុំសំខាន់ទី៥។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានសសរស្ដម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា រដ្ឋាភិបាលឌីជីថលត្រូវចេញដំណើរមុនគេ ដើម្បីជំរុញការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។
លោក វង្សី វិស្សុត រំពឹងទុកថា ក្រុមការងារនឹងពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម និងប្រតិកម្ម ហើយត្រូវតាមដានត៌មាន និងចូលរួមទប់ស្កាត់ បង្កា បន្សាបនិងបំផ្លាញចោល នូវព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា ជាបេសកកម្មអាទិភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដល់សន្តិសុខ សណ្តាប់ធ្នាប់ សន្តិសុខនយោបាយ សន្តិសុខគិតិយុត្ត ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះ ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានលើកឡើងថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការពង្រឹងប្រព័ន្ធសុវត្ថិភាពឌីជីថល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលបំណងសំខាន់បំផុតនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីក្រើនរំលឹកដាស់តឿនដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ឱ្យងាកមកផ្តោត ការចាប់អារម្មណ៍លើការវិវត្តថ្មី នៃបច្ចេកវិទ្យា AI ក៏ដូចជាត្រូវយកចិត្តទុកដាក់តាមដាន ឱ្យបានជាប់ជាប្រចាំចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួនដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។
ក្នុងនោះដែរលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការគ្រប់គ្រងព័ត៌មានមានសារៈសំខាន់ នៅគ្រប់យុគ្គសម័យទាំងអស់ ហើយកាន់តែសំខាន់ ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។
លោក នេត្រ ភក្ត្រា បន្តថា ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាព ច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបាន យើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI៕