ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្តេជ្ញាខិតខំជំរុញឲ្យមានការវិនិយោគ និងលើកកម្ពស់ពាណិជ្ជកម្មលើវិស័យ រ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែកើនឡើងថែមទៀត។
ការប្តេជ្ញាធ្វើឡើងក្នុងឱកាសសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឲ្យលោក Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក Darkey Ephraim Africa មានជំនឿថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឲ្យមានការវិយោគ និងលើកកម្ពស់ពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យរ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែកើនឡើងថែមទៀត ។
លោកគូសបញ្ជាក់ថា “នៅពេលខាងមុខលោកនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ដើម្បីជួបជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយក្នុងការជំរុញពាណិជ្ជកម្ម និងខិតខំធ្វើយ៉ាងណាឲ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរពាក់ព័ន្ធវិស័យសរ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ”។
សម្តេចមានជំនឿថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕






