ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
កម្មវិធីនេះ បានធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រោមអធិបតីភាពលោក ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលអញ្ជើញចូលរួម ពីប្រធាននាយកដ្ឋាន អង្គភាព គណៈកម្មការ ព្រមទាំងបុគ្គលិកស្ត្រីទាំងអស់ ដែលបម្រើការងារ នៅក្នុងធនាគារ ARDB ព្រមទាំងបុគ្គលិកបុរស ផងដែរ ប្រមាណជាង ២៥០នាក់។
សូមបញ្ជាក់ផងដែរថា ទិវានេះ គឺជានិម្មិតរូប នៃការតស៊ូទាមទារសិទ្ធិ សេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងផ្លូវភេទ ព្រមទាំងអសមត្ថភាពទាំងអស់ រវាងបុរស និងស្ត្រី។ មុននឹងមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ រហូតដូចសព្វថ្ងៃនេះ គឺមានការតស៊ូប្រឹងប្រែង អស់ប្រមាណមួយសតវត្សរ៍ ពីសំណាក់សកម្មជន ដើម្បីឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គម ក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី៕