ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា លើកទឹកចិត្តដល់មន្រ្ដីរាជការ ក្រសួងព័ត៌មាន នាំក្រុមគ្រួសារធ្វើបណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកទឹកចិត្ត មន្រ្ដីរាជការក្រសួងព័ត៌មាន ឲ្យនាំក្រុមគ្រួសារ ដូចជា ប្រពន្ធឬប្ដី កូន ក្នុងបន្ទុកទៅធ្វើបណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំជំងឺ និងអត្ថប្រយោជន៍ផ្សេង ទៀត​ជាច្រើន ដែលអាចជួយ​សម្រាលបន្ទុក​ចំណាយបាន​ច្រើន ជាពិសេស​ពេល​សម្រាល​កូន ​មិន​អស់ថ្លៃ​សម្រាល ហើយ​ថែមទាំង​បាន​ប្រាក់ឧបត្ថម្ភ ​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គមទៀតផង​។ នេះបើយោងតាមការចេញផ្សាយ របស់គេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។

លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាពក្នុងកិច្ចគាំពារ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ ជូនដល់សមាជិកកាន់តែល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពង្រីកវិសាលភាព កិច្ចគាំពារជូនប្រជាពលរដ្ឋនិងមន្រ្តីរាជការ និង​សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកគ្រូអ្នកគ្រូពេទ្យ ដែលបានផ្ដល់សេវាបានយ៉ាងល្អជូនប្រជាពលរដ្ឋ។

លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៅទីស្នាក់ការកណ្ដាលសហព័ន្ធសហជីពកម្ពុជា-អាស៊ាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឱ្យដឹងថា ការដែលមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានា នូវការចំណាយថវិកាផ្ទាល់ខ្លួន នៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាព របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាន នូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោកបានបញ្ជក់ថា មន្រ្តី​រាជការក្នុងក្របខណ្ឌមុខងារ​សាធារណៈ ដែលកំពុងបម្រើការងារ សូមនាំ ភរិយានិងកូនក្នុងបន្ទុក ទៅចូលចុះឈ្មោះធ្វើបណ្ណបសស ថែទាំសុខភាពឱ្យបានគ្រប់ៗគ្នា ព្រោះមិនមានជាការបង់ប្រាក់ទេ ព្រោះ វាជាបន្ទុករបស់រាជរដ្ឋាភិបាល ហើយថែមទាំងទទួលបាន សេវាថែទាំដោយយកចិត្តទុកដាក់ផងដែរ៕

To Top