ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយៈពេល៦៥ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត បានផ្តោតអាទិភាព ខិតខំដោះស្រាយ សំណុំរឿង អត្រានុកូលដ្ឋាន ចំនួន ៦,៨០០សំណុំរឿង ស្មើនឹង ៩៩% នៃចំនួនសំណុំរឿង ដែលនៅសល់មុន ពេលចាប់ផ្ដើមយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការដោះស្រាយ សំណុំរឿងអត្រានុកូលដា្ឋន តាមសាលាដំបូង រាជធានី-ខេត្ត នាថ្ងៃទី១៣ មីនា បញ្ជាក់ថា «ក្នុងរយៈពេល ៦៣ថ្ងៃ ក្រោយពីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញ នូវយុទ្ធនាការ ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលរួមមាន៖ យុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាព មិនប្រក្រតីនៅ តាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤, សាលាដំបូង រាជធានី-ខេត្ត ទូទាំងប្រទេស បានផ្តោតអាទិភាព ខិតខំដោះស្រាយ សំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនប្រមាណ៦,៨០០សំណុំរឿង ស្មើនឹង ៩៩% នៃចំនួនសំណុំរឿង ដែលនៅសល់មុន ពេលចាប់ផ្ដើមយុទ្ធនាការ»។
បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿង អត្រានុកូលដ្ឋានដែលចូលថ្មី ជាបន្តបន្ទាប់ក្រោយ ពេលចាប់ផ្តើមយុទ្ធនាការ បានចំនួនសរុបប្រមាណ ១,០៤០ សំណុំរឿង ផងដែរ ៕