ព័ត៌មានជាតិ

កម្ពុជា-អឺរ៉ុប ប្តេជ្ញាចិត្តថែរក្សា ទំនាក់ទំនងល្អ ដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប សម្រាប់ភាពជា ដៃគូអន្តរជាតិ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការថែរក្សាទំនាក់ទំនងល្អ ដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ។

ការប្ដេជ្ញានេះធ្វើឡើងនាថ្ងៃទី១៣ មីនា ក្នុងជំនួបទ្វេភាគី រវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងស្នងការសហភាពអឺរ៉ុប ។

ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រី Jutta Urpilainen បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរីកចម្រើនស្ទើរគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំដែង ការអបអរសាទរ ចំពោះសហភាពអឺរ៉ុប ក្នុងការរៀប ចំធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ជោគជ័យនៃ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស អាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់ រដ្ឋមន្រ្តីសហភាព អឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្ត សភាពការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់-អន្តរជាតិ ៕

To Top