ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូត សាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ បន្ថែមទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោក NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតរវ៉ាន់ដា ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានកត់សម្គាល់ ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា និងរវ៉ាន់ដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥មក ។
លោកឧបនាយករដ្ឋមន្រ្តី បានសំដែងការជឿជាក់ផងដែរថា ក្នុងអំឡុងពេលលោក Nkubito Manzi Bakuramutsa ជាឯកអគ្គរដ្ឋទូតរវ៉ាន់ដា ប្រចាំកម្ពុជា លោកនឹងបន្តលើកកម្ពស់ និង ជំរុញថែមទៀតក្នុងការពង្រឹង ចំណងមិត្តភាព រវាងប្រទេសទាំងពីរ ។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា និងលោកទូត ក៏បានពិចារណាផងដែរ ក្នុងការបង្កើតយន្តការពិគ្រោះយោបល់ នយោបាយ រវាងក្រសួង ការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយ ក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្ត ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ៕