ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ នូវសូចនាករកម្រិតយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ទៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះបើតាមការលើកឡើងរបស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានគូសបញ្ជាក់ថា សូចនាករកម្រិតយុទ្ធសាស្រ្តទាំងនេះ គឺជាកិច្ចការងារ អាទិភាពមួយយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ជាពិសេសវាបានរំលេចនៅក្នុងមុំទី១ ស្តីពីការអភិវឌ្ឍទីផ្សារការងារ នៃបញ្ចកោណទី៣ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ ក្នុង «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

លោកពន្យល់ថា ផែនការយុទ្ធសាស្រ្តទាំងនោះមានដូចជា នៅក្នុងអាណត្តិនេះក្រសួងការងារ នឹងបន្តយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ និងអភិវឌ្ឃក្របខណ្ឌគតិយុត្ត ស្របតាមការប្រែប្រួលនៃលក្ខខណ្ឌការងារ និងការលេចឡើង នៃប្រភេទការងារថ្មីៗ ស្របតាមការវិវត្តនៃពិភពការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារ តាមរយៈការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាស គ្រឹះស្ថានដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនិង វិស័យការងារ ការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងធានាថាលក្ខខណ្ឌការងារ នៅកម្ពុជាត្រូវបានអនុវត្ត ដោយអនុលោមតាមបទដ្ឋានការងារអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្ម ផ្សារភ្ជាប់នឹងលក្ខខណ្ឌការងារ។

លោកបន្តថា ដូចនេះក្រសួងការងារនឹង បន្តប្តេជ្ញាចិត្តក្នុងការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ការពង្រឹងយន្តការស្ថាប័ន និងតួរអង្គការស្ថាប័ន និងតួរអង្គពាក់ព័ន្ធ ក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍កម្មករ និយោជិតដោយផ្អែកលើ លក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ការលើកកម្ពស់សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការអនុវត្តសិទ្ធិ និងតួរនាទី របស់អង្គការវិជ្ជាជីវៈប្រកបដោយភាពស្មោះត្រង់ សុចរិត ស្អាតស្អំ និងក្រមសិលធម៌វិជ្ជាជីវៈ និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទការងារ ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។

លោកបានគូសបញ្ជាក់ថាសូចនាករកម្រិតយុទ្ធសាស្ត្រ ដែលត្រូវសម្រេចឱ្យបានក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ រួមមាន៖ ទី១ អត្រាសហគ្រាស គ្រឹះស្ថានដែលអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ កើនឡើង ដើម្បី ប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងធានាបាននូវអាជីវកម្មប្រកបដោយ ទំនួលខុសត្រូវ និងការប្រើប្រាស់ពលកម្មស្អាតស្អំ។
ទី២ រាល់ករណីទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ត្រូវបានអន្តរាគមន៍ និងចាត់វិធានការតាមច្បាប់ យ៉ាងម៉ឺងម៉ាត់ដោយមិនមានការលើកលែង ក្នុងរយៈពេល ២៤ម៉ោង។ ទី៣ចំនួនកម្មករ និយោជិតទទួលរងគ្រោះថ្នាក់ការងារក្នុងចំណោមកម្មករនិយោជិតមានការថយចុះយ៉ាងតិច១០%ក្នុងមួយឆ្នាំ។

ទី៤ អត្រាវិវាទការងារ ឬការស្រាយបំភ្លឺច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលប្ដឹង ឬស្នើសុំ មកក្រសួងជាស្ថាប័នដំបូង កើនឡើង ដើម្បីទទួលបានការ ជឿទុកចិត្ត របស់កម្មករនិយោជិត និយោជក និងភាគីពាក់ព័ន្ធ ។ ទី៥អត្រានៃសំណើ ឬបណ្ដឹងពាក់ព័ន្ធនឹង អនុសញ្ញាអន្តរជាតិខាងការងារ ត្រូវបានដោះស្រាយទាន់ ពេលវេលា កើនឡើង ដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសដែលគោរពបទដ្ឋានអន្តរជាតិខាង ការងារក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា សូចនាករកម្រិតយុទ្ធសាស្ត្រទាំងនេះត្រូវបានដាក់ចូលទៅក្នុងផែនការ យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្តបញ្ជកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាព របស់កម្មករនិយោជិតនៅក្នុងរោងចក្រ សហគ្រាស និងលុបបំបាត់ពលកម្មកុមារ និងវិវាទការងារផងដែរ ៕
