ព័ត៌មានជាតិ

សម្តេចធិបតី៖ យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សា សមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំ សម្រាប់ជំនាន់ក្រោយទៀត។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នាថ្ងៃ១៤ មីនា សម្តេចធិបតីបានរំឭកនឹកដល់គុណូបការៈ ប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុត ជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឲ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេសរហូតមកដល់ពេលបច្ចុប្បន្ន ។

សម្តេចធិបតី បានធ្វើការចង្អុលបង្ហាញថា «យុវជនបាន និងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផល យុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំ សម្រាប់ជំនាន់ក្រោយទៀត ។ ក្នុងន័យនេះ ស.ស.យ.ក. មានភារកិច្ចចម្បងក្នុងការបង្កើត វិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និងបត់បែន ដើម្បីអាចបំផុសយុវជនឲ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ក្នុងស្មារតីសាមគ្គីភាពរឹងមាំ នៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ»។

សម្ដេចធិបតីបានឲ្យគ្រប់មជ្ឈដ្ឋានចូលរួមបន្តពូនជ្រំ និងកសាងប្រទេសជាតិ ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី ១ ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងជាអាទិភាព ក្នុងការដឹកនាំសំដៅឈានឆ្ពោះទៅ ដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប ចាប់តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលបានចូលរួមអនុវត្តបាន យ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវ «ផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ ២០២៣-២០២៨» ៕

To Top