ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍនកសិកម្ម (IFAD) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។

បន្ទាប់ពីបានថ្លែងមតិស្វាគមន៍ ចំពោះលោកនាយក និងប្រតិភូអមដំណើររួចមក លោករដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានជម្រាបពីយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបាន ដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជន នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឲ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២-ការកែលម្អលក្ខខណ្ឌនៃ ការរស់នៅរបស់សហគមន៍ជនបទ ឲ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ច គ្រួសារនៅតំបន់ជនបទ។
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ន និងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យមានសមត្ថភាព បម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីបន្តជម្រាបពីបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះ ដូចជាការកំណត់ទិសដៅអាទិភាព លើការងារពង្រឹងគុណភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំប្រជាជននៅជនបទ ប្រកាន់អនាម័យល្អ ក្នុងការរស់នៅ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការបង្កើតឲ្យមានភូមិគំរូជាដើម។
លោករដ្ឋមន្ត្រីថា ក្រសួងក៏បានដាក់ចេញទិសដៅបន្ត របស់ខ្លួន៧ចំណុចរួមមាន៖
១- ការលើកកម្រិតគុណភាពផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវក្រាលបេតុង និងកៅស៊ូពីរជាន់
២- ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន (ផ្លូវលំ និងប្រពន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
៣- ការងារថែទាំឲ្យមានចីរភាពយូរអង្វែង នៃសមិទ្ធផលដែលបានកសាងរួច
៤- ការបណ្តុះបណ្តាល ធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូលគ្រួសារ
៥-ជំរុញពង្រីកវិសាលភាព ក្នុងការរៀបចំបង្កើតភូមិគំរូ
៦- ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋាន នានា
៧- ការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្ត្រីមូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយក និងសហការីអំពីសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និង មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) នាពេលកន្លងមកផងដែរ។

ជាចុងក្រោយ លោកនាយកបានប្តេជ្ញាចិត្ត ជូនរដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ បន្តសហការជួយក្រសួង លើការងារអភិវឌ្ឍន៍ជនបទ ដូចជាការជំរុញការវិនិយោគនិងគាំទ្រ ជាហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ លើកិច្ចការងារអភិវឌ្ឍចម្រុះ លក្ខណៈអន្តរវិស័យជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ការពិនិត្យលទ្ធភាពក្នុងការគៀរគរជំនួយ ហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធសម្រាប់បន្តគាំទ្រលើទិសដៅបន្ត ជាយុទ្ធសាស្រ្តរបស់លោករដ្ឋមន្រ្តី លើវិស័យអភិវឌ្ឍន៍ជនបទ ការគាំទ្រនិងជំរុញបញ្ចប់ការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ របស់ក្រសួងឲ្យបានជោគជ័យក្នុងពេលឆាប់ៗនេះ ៕
