ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ប្តេជ្ញាបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងគោលបំណង ថែរក្សាសន្តិភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួង ការបរទេសជប៉ុន បានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។

ការបញ្ជាក់ពីការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ស្មោះចំពោះការរួមចំណែករបស់ជប៉ុន នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះជំនួយអភិវឌ្ឍន៍របស់ជប៉ុន លើគ្រប់វិស័យ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែកស្តារ និងកសាងប្រទេសកម្ពុជា ឡើងវិញបន្ទាប់ពីការ បំផ្លិចបំផ្លាញ ដោយសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍ ដែលជាការរួមចំណែកមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ជាមួយគ្នានោះភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់និងអន្តរជាតិដែលជាការព្រួយបារម្ភ និងជាប្រយោជន៍រួម ព្រមទាំងអះអាងជាថ្មីពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាង ជិតស្និទ្ធជាមួយគ្នា ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។

នៅមុនជំនួបនេះដែរ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុន កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ ក៏បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ១៥៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ៕

To Top