ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ អរគុណការជួយ​ ពីកងពលតូចលេខ៧០, មន្ទីរសុខាភិបាល និងអាជ្ញាធរ ក្នុងយុទ្ធនាការបាញ់ ថ្នាំសម្លាប់មូស ២០ថ្ងៃ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ។

ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូស​ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញញ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង បានលើកឡើងថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូស បង្ការជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ សកម្មភាពទាំងនេះ យើងក៏នឹកឃើញ មិនភ្លេចចំពោះការលះបង់ របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាល នៃការរីករាតត្បាតជម្ងឺកូវីដ-១៩ ដោយកម្លាំង កងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ។ជាមួយនឹងការបាញ់ថ្នាំបង្ការ ការពារជំងឺ covid-19 ថែមទៀត។

លោកបន្តថា “ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំ ពីរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ មេបញ្ជាការកង ទ័ពជើងគោក បានប្រគល់ ទាំងរថយន្ត កម្លាំងព្រមទាំង ម៉ាស៊ីនណសម្រាប់បាញ់មូស ដើម្បីបើក យុទ្ធនាការបាញ់ណថ្នាំមូស នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ រហូតទទួលបានបញ្ចប់ដោយជោគជ័យ”។

តាមការបញ្ជាក់របស់លោក ឃួង ស្រេង ក្រោយយុទ្ធនាការ រយៈពេល២០ថ្ងៃ នៃការបាញ់ថ្នាំមូសនេះ ឃើញថាជំងឺគ្រុនឈាម បានថយចុះច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា “យុទ្ធនានៃការបាញ់ថ្នាំមូសនេះ ក៏ដូចជាការដាស់តឿនក្រើនរំលឹក ឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ឲ្យចេះបង្ការខ្លួន ដើម្បីគិតឱ្យរួចផុតពីជំងឺគ្រុនឈាមនេះផងដែរ។

ជាអរគុណចំពោះកងពលតូចលេខ៧០ ដែលចុះយុទ្ធនា នៃការបាញ់ថ្នាំមូសនេះ ចំនួន២៨នាក់ ត្រូវបានលោក ឃួង ស្រេង នាំយកអំណោយ​ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មកប្រគល់ជូនដោយ ក្នុងម្នាក់ៗទទួលថវិកា ៤០ម៉ឺនរៀល៕

To Top