ព័ត៌មានជាតិ

កម្មវិធីបណ្តុះបណ្តាល ជំនាញ១.៥លាននាក់ ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ផ្តល់អាហាររូបករណ៍ សិក្សាជំនាញ ជិត៦០០កន្លែង ជំហានទី២

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ប្រកាសជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាព ក្នុងខេត្តកំពង់ស្ពឺ ចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី២ ដោយឥតគិតថ្លៃ ចំនួនជិត៥៧០នាក់ ។ បើតាមវិទ្យាស្ថាន ពហុបច្ចេកទេស នៅជំហានទី២នេះ មានជំនាញការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ការចិញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។

វិទ្យាស្ថានក៏បានឱ្យដឹងថា ការចុះឈ្មោះរៀនជំនាញនេះ គឺចាប់ពីអាយុ១៥ឆ្នាំឡើង យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស គឺត្រូវបាន សិក្សា ឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ រហូតដល់បញ្ចប់ការសិក្សា។ ក្នុងនោះសិក្ខាកាម នឹងទទួល បានសញ្ញាបត្រ បច្ចេកទេស និង វិជ្ជាជីវៈ១ ពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានឱកាសបន្តការសិក្សាបន្ថែមទៀត បន្ទាប់ពីបញ្ចប់ការ សិក្សាជំនាញ នៅវិទ្យាស្ថាន ។ ដោយឡែកយុវជន ដែលមាន ប័ណ្ណសម្គាល់ពិការភាព ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ក៏នឹងត្រូវបានសិក្សា មិនឥតថ្លៃដូចគ្នា ក៏ប៉ុន្តែមិនទទួលប្រាក់ឧបត្ថម្ភនោះទេ។ ជំហានទី២នេះ វិទ្យាស្ថាននឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានបើកបវេសនកាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ការបណ្តុះបណ្តាលវគ្គទី១ បាននឹងកំពុងដំណើរការរលូននៅទូទាំងប្រទេស ៕

To Top