ភ្នំពេញ៖ លោកChang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបង្ហាញនូវការផ្តល់តម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។
ការបង្ហាញនូវការផ្តល់តម្លៃនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យលោក Chang Won Sam ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ លោក Chang Won Sam បានលើកឡើងថា កម្ពុជាជាប្រទេសទីមួយ ដែលលោកបានមកបំពេញទស្សនកិច្ច ក្នុងតំបន់អាស៊ី ចាប់តាំងពីលោកបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។
លោកប្រធានរូបនេះ ក៏បានសម្តែងនូវការអបអរសាទរ ចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ។ បន្ថែមពីនេះ លោកជម្រាបជូន សម្តេចធិបតីថា លោកធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តង កាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ លោកបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លា លើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ហើយលោក មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជា នឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។
លោកប្រធាន ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរថា រដ្ឋាភិបាលកូរ៉េ បានឈ្វេងយល់យ៉ាងច្បាស់ អំពីការដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់ កាលទី១ ហើយ KOICA បានត្រៀមខ្លួនជានិច្ច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ (១) ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ ជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជា (២) ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង (3) ការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តនូវកិច្ច សហប្រតិបត្តិការ តាមរយៈការបន្ស៊ីគ្នា រវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែក ដល់ការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។
បន្ថែមពីនេះ លោក ក៏បានបង្ហាញពីការបន្តជួយគាំទ្រ ដល់សកម្មភាព បោសសម្អាតមីន និងបានសម្តែងនូវការកោតសរសើរ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំនៃអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខនេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរ ចំពោះតួនាទីយ៉ាងសកម្មរបស់ KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ របស់សាធារណរដ្ឋកូរ៉េ នៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តការអភិវឌ្ឍនូវគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយ អាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។
ជាងនេះទៅទៀត សម្តេចធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត ៕