ព័ត៌មានជាតិ

KOICAកូរ៉េ និងក្រសួងការងារ ឯកភាពលើការពង្រឹង ការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសមត្ថភាពជំនាញ ដល់ពលករ

ភ្នំពេញ ៖ ក្នុងជំនួបនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឯកភាពគ្នាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT)ដល់យុវជនកម្ពុជា និងការពង្រឹងសមត្ថភាព ពលករជំនាញ ។ ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ក្នុងឱកាសដំណើរទស្សនកិច្ច របស់លោកប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ កូរ៉េនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ នៃការបណ្តុះបណ្តាលជំនាញ ផ្នែកបច្ចេកវិទ្យាព័ត៌មាន វិទ្យាដល់យុវជន ដើម្បីពង្រឹងសមត្ថភាពឌីជីថល បន្ថែមទៀត ដែលស្របទៅនឹងតម្រូវការទីផ្សារ ដ៏សម្បូរបែបនាពេល បច្ចុប្បន្ននិងអនាគត ហើយការបណ្តុះបណ្តាល នេះ បានដើរស្របគ្នា ទៅនឹងផែនការ យុទ្ធសាស្ត្ររយៈពេលប្រាំ ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ ហើយក៏ដើរទន្ទឹមនឹងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលបានដាក់ទិសដៅ កំណត់យកការ អភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ជាគោលដៅអាទិភាព។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការពង្រឹងសមត្ថភាពដល់ពលករកម្ពុជាលើជំនាញសំខាន់ៗដែលរួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការកសាងកប៉ាល់ជាដើមដែលជា ចំណុចសំខាន់ក្នុងការបង្កើនកូតា សម្រាប់ពលករកម្ពុជា ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ។ កូរ៉េដែលជាទិសដៅដ៏ពេញនិយមមួយ នៃពលរដ្ឋកម្ពុជា ព្រោះតែលក្ខខណ្ឌការងារ និងប្រាក់ខែខ្ពស់សមរម្យ ។

ជាមួយគ្នានេះ លោកប្រធាន ទីភ្នាក់ងារ បានឯកភាព ចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រីលើការ បណ្តុះបណ្តាលជំនាញ ផ្នែកបច្ចេក វិទ្យាព័ត៌មានវិទ្យា ដល់ពលរដ្ឋកម្ពុជាឱ្យមានសមត្ថភាព កាន់តែខ្ពស់បន្ថែមទៀត ដើម្បីប្រកួតប្រជែង និងបង្កើនផលិតភាពការងារបន្ថែម។

លើសពីនេះ កិច្ចសហការ នៃការបណ្តុះបណ្តាលជំនាញ ដល់ពលករកម្ពុជាលើជំនាញសំខាន់ៗ គឺជាចំណុចដែល ត្រូវយកចិត្តទុកដាក់ ខ្ពស់ព្រោះថា ជំនាញទាំងនេះ នឹង ធ្វើឱ្យភាគីទាំងពីរកម្ពុជា-កូរ៉េ ទទួលបានផលផ្លែផ្កាខ្ពស់ ទាំងអំឡុងពេលបំពេញ ការងារនៅកូរ៉េ និងពេលត្រឡប់មកកាន់កម្ពុជាវិញ ដែលនាំមកនូវជំនាញខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។

បន្ថែមពីនេះ លោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុងការជំរុញឱ្យប្រទេសមិត្តដ៏ល្អមួយនេះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០ ៕

To Top