ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោក ត្រៀមជាស្រេចសហការ ជាមួយក្រសួងការងារ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ លោក សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ ជាមួយលោក Janes Imanuel Ginting នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក(World Vision)នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះលោករដ្ឋលេខាធិការ បានបង្ហាញ ពីចក្ខុវិស័យស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈដែលជាយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ របស់ក្រសួងស្របទៅនឹងយុទ្ធ សាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះដើម្បីផ្តល់ភាពប្រសើរឡើង បន្ថែមទៀតដល់សង្គមជាតិ។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានជម្រាបគណៈប្រតិភូនៃអង្គការ ទស្សនៈពិភពលោកស្តីពីកម្មវិធីថ្នាក់ជាតិលើការ បណ្តុះបណ្តាលជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមក ពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដែលជាកម្មវិធីផ្តល់ជំនាញ ដល់យុវជនឱ្យឆាប់រហ័សជាក់លាក់ និងទទួលបានការងារសមរម្យក្នុងទីផ្សារ។ ឆ្លៀតឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យអង្គការជួយផ្សព្វផ្សាយ ពីគម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេស ១.៥លាននាក់នេះដល់យុវជន ដើម្បីឱ្យកម្មវិធីនេះកាន់តែទូលាយបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ លោក Janes Imanuel Ginting នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក បានលើកឡើងថា ក្នុងនាមជាអង្គការដៃគូ របស់រដ្ឋាភិបាល អង្គការទស្សនៈពិភពលោក ក៏មានទស្សនៈពង្រឹងសមត្ថភាព ធនធានមនុស្សដូចទៅនឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ។ បន្ថែមពីនេះ ក្រុមគណៈប្រតិភូ ក៏បានសរសើរពីការផ្តល់សេវា របស់បេឡាជាតិ សន្តិសុខសង្គម ដែលបាននិងកំពុងផ្តល់សេវាយ៉ាងល្អ ប្រសើរជូនប្រជាពលរដ្ឋថែមទៀតផង។

យ៉ាងណាក៏ដោយ លោកនាយកប្រចាំ ប្រទេសនៃអង្គការ ទស្សនៈពិភពលោក បានលើកឡើងថា អង្គការរបស់លោក បានត្រៀមខ្លួន រួចជាស្រេចដើម្បីសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

To Top