ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ៦ខែ មានគម្រោង១៧៣ បានចុះបញ្ជីវិនិយោគនៅ CDC ក្នុងទំហំទឹកប្រាក់ ជាង៤ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៦ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានគម្រោងចំនួន១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ព្រមទាំងបង្កើត ការងារជូនប្រជាពលរដ្ឋ ១៧ម៉ឺននាក់។

បញ្ជាក់ថា រយៈពេល៦ខែនេះ គឺជាពេលវេលា នៃការបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា រាល់គម្រោងដែលបានចុះបញ្ជីវិនិយោគនៅ CDC គឺត្រូវមានឯកសារគ្រប់គ្រាន់ រួមទាំងមានទីតាំងដីផ្ទាល់ ឬជួលដីបានច្បាស់លាស់ ដូច្នេះក្រុមហ៊ុន ដែលចុះបញ្ជីភាគច្រើន គឺអនុវត្តគម្រោងទាំងនោះ។

សម្ដេចធិបតីមានប្រសាសន៍ថា «ចឹងក្នុងរយៈពេល ៦ខែនេះ គម្រោង ១៧៣គម្រោង ហើយទុនវិនិយោគ ៤ ១៥០លានដុល្លារ ។ ក្រុមហ៊ុន មិនអាចបង្កើតមួយយប់ទេ ប៉ុន្ដែក្នុងរយៈពេល ៦ខែនេះ ដែលគាត់ចាប់អារម្មណ៍មកចុះឈ្មោះ ចុះបញ្ជីសិក្សាសម្រេចចិត្តរើសកម្ពុជា ជៀសជាងរើសប្រទេសផ្សេង។ ជាង៤ពាន់លាន បានសម្រេចចិត្តមកយើង ហើយក្នុងនោះលទ្ធភាពបង្កើតការងារបានជាង១៧ម៉ឺនកន្លែង ក្នុងគម្រោង ១៧៣គម្រោងនេះ»។

សម្ដេចធិបតីបន្ដថា ប្រភពនៃការវិនិយោគនេះ មកពីប្រទេសចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ជប៉ុន និងប្រទេសជាច្រើនទៀត ព្រមទាំងពីកម្ពុជា ខ្លួនឯងផងដែរ។ ក្នុងរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានដើរទាក់មួយ មិនមែនមកទាត់ខ្យល់នោះទេ។

នាឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា នាពេលខាងមុខនឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈសម្ដេច ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២៤នេះផងដែរ។

សម្ដេចធិបតីគូសបញ្ជាក់ថា «នៅក្នុងពេលខាងមុខនេះ គឺមានគណៈប្រតិភូ វិនិយោគិនកូរ៉េខាងត្បូងនឹងមក ហើយនៅខែ៥ (ឧសភា) ខ្ញុំនឹងទៅកូរ៉េខាងត្បូង ដើម្បីទស្សនកិច្ចផ្លូវការ តាមការអញ្ជើញ របស់ឯកឧត្ដមប្រធានាធិបតី»។

សម្ដេចធិបតីបន្ថែមទៀតថា ក្នុងដំណើរ ទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង នាពេលខាងមុខនេះ សម្ដេចនឹងជជែកពិភាក្សា ជាការងារជាមួយ លោកប្រធានាធិបតីកូរ៉េត្បូង ដើម្បីទាក់ទាញការ វិនិយោគិនពីកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ៕

To Top