ភ្នំពេញ ៖ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិ សន្តិសុខ សង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់ពលរដ្ឋ ដែលពុំទាន់មានបណ្ណសមាជិក ប.ស.ស. ជាពិសេសអ្នក ដែលប្រកបរបរ រកស៊ីដោយខ្លួនឯង (បុគ្គលស្វ័យនិយោជន៍) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មកធ្វើបណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ ផ្នែកថែទាំសុខភាព ពីរាជរដ្ឋាភិបាល ខណៈគិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនសមាជិក ប.ស.ស. សរុបកើនដល់ជាង ២លាននាក់រួចមកហើយ ។ ក្នុងនោះសមាជិក ប.ស.ស. ជាស្រ្តីមានចំនួន ប្រមាណជា ១លាន ១៥ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ ទូទាំងប្រទេស ព្រមទាំងទទួល បានអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀតផងដែរ។

លោកបន្ថែមថា ការមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់ សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវ ការចំណាយថវិកា ផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថា ហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានា នូវនិរន្ដរភាពរបបសន្ដិសុខ សង្គមផ្នែកថែទាំ សុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាន នូវការគ្របដណ្ដប់សុខ ភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

គួរកត់សំគាល់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្មីៗនេះ បានលើកបង្ហាញពីទិសដៅ អនុវត្តបន្តរបស់ខ្លួន ក្នុងឆ្នាំ២០២៤ ដើម្បីធានាប្រសិទ្ធភាព ការងារក្នុង ការគាំពារ សុខុមាលភាព ពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយ អំពីរបបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។ ក្នុងនោះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយ អំពីរបបថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការតាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ប្រកបដោយភាព ប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួល ចុះបញ្ជីចល័តនៅ តាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹងព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវា មូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។

អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាបេសកកម្មអាទិភាពដ៏សំខាន់ដើម្បីធានាការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គមក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ដើម្បីបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យ និយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងចូលរួមអនុវត្ត គោលនយោបាយ វិស័យសេដ្ឋកិច្ចក្រៅ ប្រព័ន្ធផងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បាននឹងកំពុងអនុវត្តសកម្មភាព តាមរយៈកម្មវិធីអាទិភាពចំនួន៥ រួមមាន៖

ទី១ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ។ ទី២ ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា។
ទី៣ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់។
ទី៤ ការធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម។
និងទី៥ ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន៕



