ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមប្រឹក្សាសន្តិសុខ ចំពោះភាពអសកម្មរបស់ខ្លួន លើការស៊ើបអង្កេតអន្តរជាតិ ស្តីពីការបំផ្លិចបំផ្លាញ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាសន្តិសុខអំពីឧប្បត្តិហេតុនេះ តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានឲ្យដឹងថា ប្រទេសរបស់លោកបានទាក់ទាញ ចំណាប់អារម្មណ៍របស់សមាជិកក្រុមប្រឹក្សា ចំពោះស្ថានភាពមិនពេញចិត្តទាំងស្រុង ជុំវិញការស៊ើបអង្កេតលើការ បំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ។
ជាក់ស្តែងកាលពីមួយឆ្នាំមុន នៅខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសន្តិសុខ មិនអាចចាត់វិធានការលើ សេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ី ដែលស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្វើសំណើ ស្តីពីការស៊ើបអង្កេតអន្តរជាតិមួយ។ លោក Polyanskiy បានលើកឡើងថា ក្រោយមក រុស្ស៊ីបានស្នើសេចក្តីថ្លែងការណ៍ របស់ប្រធានក្រុមប្រឹក្សាសន្តិសុខលើប្រធានបទដូចគ្នា ដែលត្រូវបានរារាំងផងដែរ។
សមាជិកក្រុមប្រឹក្សាទាំងនោះ ប្រឆាំងនឹងសកម្មភាពបានឲ្យដឹងថា ពួកគេចង់ផ្តល់ពេលវេលាខ្លះដល់ការ ស៊ើបអង្កេតជាតិរបស់ប្រទេសដាណឺម៉ាក ស៊ុយអែត និងអាល្លឺម៉ង់។ លោកបានបន្ដថា ចាប់តាំងពីពេលនោះមក ការប៉ុនប៉ងរបស់រុស្ស៊ីណាមួយក្នុងការជំរុញឱ្យ មានសកម្មភាពក្រុមប្រឹក្សាសន្តិសុខ ត្រូវបានបដិសេធដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកបន្ថែមថា “ការស៊ើបអង្កេតថ្នាក់ជាតិ ដែលបានលើកឡើងរបស់ដាណឺម៉ាក ស៊ុយអែត និងអាល្លឺម៉ង់ កំពុងដំណើរការដោយគ្មានលទ្ធផលអ្វីទាំងអស់។ មិនមានតម្លាភាព សម្រាប់រុស្ស៊ីនោះទេ ហើយពួកគេបានច្រានចោល រាល់ការប៉ុនប៉ងបង្កើតកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយរុស្ស៊ី ទោះបីជារុស្ស៊ី ពិតជារដ្ឋដែលរងផលប៉ះពាល់ ក្នុងស្ថានភាពនេះក៏ដោយ”។
លោក Polyanskiy បានបន្ថែមទៀតថា ការស៊ើបអង្កេតថ្នាក់ជាតិ មិនមានការសន្និដ្ឋានថា វាដូចជាចំណាយពេលមួយឆ្នាំ ក្នុងការស៊ើបអង្កេតលើករណីឃាតកម្មមួយ ហើយឈានដល់ការសន្និដ្ឋាន ថាវាពិតជាឃាតកម្ម ៕
ប្រែសម្រួល ឈូក បូរ៉ា