ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម អញ្ជើញ សម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័នសត្ថារាម ហៅវត្តស្វាយតានាន់ ក្នុងស្រុកស្រីសន្ធរ

កំពង់ចាម ៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន នៅព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័នសត្ថារាម ហៅវត្តស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។

ក្នុងឱកាសនោះ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានលើកឡើងថា ការកសាង ការអភិវឌ្ឍន៍ ទាំងផ្នែកពុទ្ធិចក្រ និងអណាចក្របានដើរទន្ទឹមគ្នា ស្របពេលដែលប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ដែលទាំងអស់នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងរស់នៅក្នុងសុខសន្តិភាព ដែលជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងនោះដែរក៏មានការចូលរួមពីផ្នែកពាក់ព័ន្ធ និងសប្បុរសជននានា ដែលមានវប្បធម៌ចែករំលែកដ៏ល្អ ក្នុងការអភិវឌ្ឍន៍នេះ។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានមានប្រសាសន៍ដែរថា ព្រះពុទ្ធសាសនា បានដើរតួនាទីដ៏សំខាន់នៅក្នុងសង្គមខ្មែរ តាំងពីសម័យបុរាណរហូតមកទល់បច្ចុប្បន្ន ។ ព្រះពុទ្ធសាសនា បានជួយសង្គមខ្មែរយើងក្នុងការ ថែរក្សាក្បួនច្បាប់ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រដ៏ផូរផង់របស់យើងឲ្យរស់រានមានជីវិតរហូតដល់សព្វថ្ងៃ បើទោះបីជាស្ថិតនៅក្រោមការគម្រាមកំហែងដោយសង្គ្រាម នៃប្រវត្តិសាស្ត
យ៉ាងណាក៏ដោយ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ព្រះពុទ្ធសាសនា បានជួយបណ្តុះបណ្តាលធនធានមនុស្ស និងអប់រំសីលធម៌ ចរិយាធម៌ ទៅដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ មានន័យថា បានជួយផលិតពលរដ្ឋល្អជូនសង្គមជាតិ។ ព្រះពុទ្ធសាសនា បានដើរតួនាទីជាទីពំនឹងខាងផ្នែកផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលចំណុចនេះ ខាងផ្នែកអាណាចក្រ ពុំអាចជំនួសបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានលើកឡើងជារើយៗផងដែរថា “កង់វិល នៃសាសនាចក្រ និងអាណាចក្រ ត្រូវប្រព្រឹត្តទៅឲ្យស្មើគ្នាជាប្រក្រតី ដើម្បីធានានូវនិរន្តរភាពនៃដំណើរឆ្ពោះទៅមុខ នៃយន្តការ
អភិវឌ្ឍន៍របស់កម្ពុជាយើង។ គ្មានការអភិវឌ្ឍន៍ណាអាចប្រព្រឹត្ត ទៅបានក្នុងខណៈដែលសង្គមមួយពោរពេញទៅដោយអំពើអបាយមុខគ្រប់ប្រភេទ និងអស្ថិរភាព ខាងផ្នែកជំនឿនោះឡើយ ៕

To Top