ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យសមត្ថកិច្ចនគរបាល សម្រួលម៉ោងត្រួតពិនិត្យ លើវិធានការរឹតបន្តឹងការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់ ដែលការណ៍នេះ សំដៅកាត់បន្ថយផលប៉ះពាល់ដល់ភោជនីយដ្ឋាននានា ។
ការណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃដដែលនេះ ។
ក្នុងលទ្ធផលនៃកិច្ចប្រជុំនេះ បានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងស្រវឹង ។
ទន្ទឹមនឹងនោះ សម្តេចធិបតី បានណែនាំឲ្យកែសម្រួលម៉ោងត្រួតពិនិត្យ ដើម្បីកាត់បន្ថយសម្ពាធ ទៅលើភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុ ដោយសាវិធានការរឹតបន្តឹងការត្រួតពិនិត្យ ពីគ្រឿងស្រវឹងពេលយប់ ។
សម្តេចធិបតី ក៏បានណែនាំឲ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមកពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់ផងដែរ៕