ព័ត៌មានជាតិ

នាយដ្ឋាន ធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រាយការណ៍ពីលទ្ធផល អន្តរាគមន៍បូមទឹក សង្គ្រោះស្រូវរដូវប្រាំង ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន

ភ្នំពេញ ៖ នាយកដ្ឋាន ធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើរបាយការណ៍ បូកសរុបលទ្ធផលការងារ ចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវរដូវប្រាំង ជូនបងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួន ដែលបាននិងកំពុងជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព។

សូមជម្រាបថា ក្នុងកិច្ចអន្តរាគមន៍ដ៏សស្រាក់សស្រាំ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ព្រមទាំងប្រជាកសិករ បានប្រើប្រាស់គ្រប់មធ្យោបាយ តាមស្ថានភាពជាក់ស្តែង មានដូចជាប្រើម៉ាស៊ីនបូមទឹក និងកាយប្រឡាយជាដើម ដើម្បីបញ្ជូនទឹកទៅស្រោចស្រពដំណាំស្រូវ របស់ប្រជាពលរដ្ឋដែលប្រឈមបញ្ហាខ្វះទឹក។

បើតាមរបាយការណ៍បូកសរុប លទ្ធផលការងារអន្តរាគមន៍ របស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖

ទី១)ខេត្តព្រៃវែង ៖ ផ្ទៃដីអន្តរាគមន៍សរុប ១១៩០ហិកតា ស្ថិតក្នុងស្រុកពោធិរៀង ស្រុកពារាំង ស្រុកបាភ្នំ និងស្រុកពាមជរ លទ្ធផលអន្តរាគមន៍ សម្រេចបានចំនួន ៧១២ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន៧គ្រឿង ដោយបូមទឹកពីប្រភពអូរទទឹង ទន្លេតូច និងបឹងស្នេហ៍ ខណៈកិច្ចអន្តរាគមន៍ កំពុងបន្តនៅក្នុងស្រុកពោធិរៀង និងស្រុកពារាំង។

ទី២)ខេត្តបន្ទាយមានជ័យ ៖ ផ្ទៃដីអន្តរាគមន៍សរុប ១២៥០ហិកតា ស្ថិតក្នុងស្រុកមង្គលបូរី លទ្ធផលអន្តរាគមន៍សម្រេចបានចំនួន ១២៥០ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន ៩គ្រឿង ដោយបូមទឹកពីប្រភពដៃស្ទឹងមង្គលបូរី ខណៈកិច្ចអន្តរាគមន៍បានបញ្ចប់។

ទី៣)ខេត្តកំពត ៖ ផ្ទៃដីអន្តរាគមន៍សរុប ៩០៥៥ហិកតា ស្ថិតក្នុងស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច លទ្ធផលអន្តរាគមន៍ សម្រេចបានចំនួន ៦៩១០ហិកតា ដោយប្រើប្រាស់ស្ថានីយបូមទឹកចំនួន៧ ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះចំនួន ៧គ្រឿង កាយប្រឡាយសង្រ្គោះប្រវែង ១៧៣១០ម៉ែត្រ ដោយប្រើគ្រឿងចក្រចំនួន ១០គ្រឿង ដោយបូមទឹកពីព្រែកអន្សារ ស្ទឹងទូកមាស ស្រះទឹកខេស៊ីមែន បឹងត្នោតតាចាង ស្ពានតូច ប្រឡាយមេស្ពានតូច និងបឹងស្រែកាន់។

ទី៤)ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីអន្តរាគមន៍សរុប ៤៦៨ហិកតា ស្ថិតក្នុងស្រុកសំរោងទង ស្រុកគងពិសី ស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងស្រុកបសេដ្ឋ លទ្ធផលអន្តរាគមន៍សម្រេចបាន ២៤៩ហិកតា ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុប ៩០គ្រឿង ដោយបូមទឹកពីប្រភពស្ទឹងព្រែកត្នោត ទំនប់ចំការដូង ស្ទឹងតូច ទំនប់ពាមពូល ស្រះ ស្ទឹងកញ្ជោត តានួន តាដែង ស្ទឹងស្លាគូ និងប្រឡាយមេខាងជើង ខណៈកិច្ចអន្តរាគមន៍កំពុងបន្តលើកទី២ ក្នុងស្រុកភ្នំស្រួច ស្រុកគងពិសី និងស្រុកសំរោងទង។

ទី៥)ខេត្តពោធិ៍សាត់៖ ផ្ទៃដីអន្តរាគមន៍សរុប ១៦៧៨ហិកតា ស្ថិតនៅក្នុងស្រុកកណ្តៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ លទ្ធផលអន្តរាគមន៍សម្រេចបាន ១៦៧៨ហិកតា ប្រើប្រាស់ស្ថានីយបណ្តែតទឹកចំនួន២ ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ២គ្រឿង ម៉ាស៊ីនគោយន្ត ៥គ្រឿង និងគ្រឿងចក្រកាយប្រឡាយ ១គ្រឿង ដោយបូមទឹកពីស្ទឹងពោធិ៍សាត់ និងស្ទឹងអូរការ។

ទី៦)ខេត្តត្បូងឃ្មុំ៖ ផ្ទៃដីអន្តរាគមន៍សរុប ១០៨៨ហិកតា ស្ថិតក្នុងស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកមេមត់ លទ្ធផលអន្តរាគមន៍សម្រេចបាន ៩៦៦ហិកតា ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុប ៨៨គ្រឿង ដោយបូមទឹកពីប្រភពព្រែកអាកាំង ទឹកអណ្តូង បឹងក្រចាប់ បឹងល្អ ទន្លេមេគង្គ អូរមុខវត្តស្វាយឃ្លាំង ព្រែកតាកុច អាងទឹកបាក់អាយ និងព្រែកឆ្លូង។ កិច្ចអន្តរាគមន៍នៅបន្តក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ទី៧)ខេត្តប៉ៃលិន៖ ផ្ទៃដីអន្តរាគមន៍សរុប ១០៥ហិកតា ស្ថិតក្នុងស្រុកសាលាក្រៅ លទ្ធផលអន្តរាគមន៍សម្រេចបាន ៥៥ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ២២សេះ និង៦៥សេះ ចំនួន២គ្រឿង កាយប្រឡាយសង្គ្រោះប្រវែង ៣០០ម៉ែត្រ ប្រើគ្រឿងចក្រចំនួន ១គ្រឿង ខណៈកិច្ចអន្តរាគមន៍កំពុងបន្ត ៕

To Top