ព័ត៌មានជាតិ

កម្មកររោងចក្រវ៉ាយ & ដាប់បែលយូ ហ្គាមេន ជឿទុកចិត្តលើដំណោះស្រាយ របស់ក្រសួងការងារ

ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជឿទុកចិត្ត និងគាំទ្រចំពោះដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើករណីថៅកែរោងចក្រវ៉ាយ & ដាប់បលយូ ហ្គាមេន រត់ចោលកម្មករ កាលពីពេលថ្មីៗនេះ។

លោកស្រី ឌី សុខណារី ជាកម្មការិនីបម្រើការងារ នៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជាង៧ឆ្នាំមកហើយបានគាំទ្រ ដំណោះស្រាយ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានដាក់ចេញនូវដំណោះស្រាយ ដើម្បីរក្សាការពារប្រយោជន៍ជូនកម្មករ និយោជិតទាំងអស់ ដែលបម្រើការងារ នៅរោងចក្រមួយនេះ បានទាន់ពេលវេលា។

លោកស្រីថា៖«ខ្ញុំសប្បាយចិត្តព្រោះក្រសួងការងារ មានដំណោះស្រាយ ដល់ពួកយើងចឹងណាបង ! វាត្បិតតែរងចាំតិចមែន តែខ្ញុំគិតថាវាល្អហើយព្រោះយ៉ាងណាយើងទទួលដឹងលឺរឿង ដំណោះស្រាយនេះសម្រាប់ពួកយើង»។

កម្មការិនីរូបនេះបានអំពាវនាវឱ្យបងប្អូនកម្មករ និយោជិតនៅរោងចក្រក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ទាំងអស់មកដាក់ពាក្យ រកការងារធ្វើថ្មីតាមរយៈការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារបានចាត់មន្រ្តី និងឡានសម្រាប់ផ្តល់ព័ត៌មាន និងណែនាំកម្មករនិយោជិតទាំងអស់ អំពីឱកាសការងារថ្មី នៅទល់មុខរោងចក្រតែម្តង។

កម្មការិនីរូបនេះថា៖«សូមឱ្យបងប្អូនកម្មករយើងមកដាក់ពាក្យធ្វើការដែលមានការណែនាំផ្ទាល់ពីក្រសួងការងារ ពីព្រោះបងប្អូនយើងមិនទាន់ បានរកការងារថ្មីនៅឡើយ ហើយក៏មិនដឹងរកទីណាដែរ ដូច្នេះព័ត៌មាននៅនឹងកន្លែង ហើយបងប្អូនសូមមកដាក់ពាក្យទាំងអស់គ្នា»។

ដោយឡែកលោកស្រី ឃន ស្រីរ័ត្ន ដែលជាកម្មការិនីបម្រើការងារនៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ម្នាក់ទៀតលើកឡើងថា ការដាក់សម្ភារៈរោងចក្រលក់ឡៃឡុង ដើម្បីបើកលុយជូនកម្មករ និយោជិតទាំងអស់គឺជា ដំណោះស្រាយល្អខ្លាំងណាស់ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តតា មនិតិវិធីជុំវិញករណីនេះ។

កម្មការិនីរូបនេះបន្ថែមថា៖«ជាពិសេសនោះគឺក្រសួងការងារបានអនុញ្ញាតឱ្យកម្មករនិយោជិតរបស់យើងអាចប្រើបណ្ណប.ស.ស. បានរយៈពេល៣ខែបន្ថែមទៀត ។ ទាំងនេះគឺជាការគិតគូរដល់សុខភាព របស់បងប្អូនកម្មករនិយោជិត ទាំងអស់ទាំងអ្នកមានផ្ទៃពោះ និងអ្នកមិនមានផ្ទៃពោះ»។

គួបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវដំណោះស្រាយចំនួន៦ចំណុច ចំពោះករណីការរត់ចោលរបស់ថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ក្នុងនោះមានដូចជា៖

ទី១. រក្សាអត្ថប្រយោជន៍ ប.ស.ស.នៅដដែលរហូតដល់រយៈពេល ៣ខែ
ទី២. ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗនឹងយកលក់ឡៃឡុងទូទាត់ជូនកម្មករនិយោជិត
ទី៣. ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ការងារថ្មីភ្លាមៗជូនបងប្អូន។
ទី៤ ក្រសួងថា អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាម៉េន។
ទី៥. ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួន ស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុននេះ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីព្រះរាជាណា ចក្រកម្ពុជា។
និងទី៦. ក្រសួងបាននិងកំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ចូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេស កំណើតរបស់ថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា៕

To Top